សារព័ត៌មាន AFP បានផ្សាយថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបើកការវាយប្រហារដាក់គ្នាទៅវិញទៅមកសាជាថ្មី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ពីការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយដែលនេះបាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភចំពោះបទឈប់បាញ់រវាងប្រទេសទាំង២ ខណៈអ្នកការទូតកំពុងព្យាយាមទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើងជាថ្មី។
ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីតាំងស្ដុកមីស៊ីលនិងដ្រូន រួមទាំងប្រព័ន្ធរ៉ាដារបស់អ៉ីរ៉ង់គឺជាការសងសឹកទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលជាទង្វើបំពានបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត។ ការវាយប្រហាររបស់យោធាអាមេរិកផងដែរកើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្កោលទោសនូវអ្វីដែលលោកហៅថាជាការវាយប្រហារដោយដ្រូនពីអ៉ីរ៉ង់លើ
កប៉ាល់ដែលជាការបំពានលើបទឈប់បាញ់រវាងប្រទេសទាំង២។
នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X អនុប្រធានាធិបតីអាមេរិក លោក JD Vance បានព្រមានថា អំពើហិង្សានឹងត្រូវតបស្នងវិញដោយអំពើហិង្សា ប្រសិនបើអ៉ីរ៉ង់ហ៊ានបើកការវាយប្រហារសាជាថ្មីណាមួយទៀត។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក ពោលគឺនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានបើកការវាយប្រហារលើទីតាំងយោធាអាមេរិកក្នុងតំបន់ឈូងសមុទ្រជាការសងសឹកទៅនឹងការវាយប្រហារពីសហរដ្ឋអាមេរិក។ «ប្រសិនបើការឈ្លានពានកើតឡើង សាជាថ្មី នោះការឆ្លើយតបរបស់ពួកយើងនឹងធ្វើឡើងខ្លាំងជាងនេះ»។ នេះជាការព្រមានរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។
ការវាយប្រហារដាក់គ្នាទៅវិញទៅមកនេះកំពុងបង្កើតជាការសង្ស័យអំពីកិច្ចប្រឹងប្រែងដើម្បីរក្សាច្រកសមុទ្រ Hormuz ឱ្យបើកចំហ ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងចរចាស្វែងរកកិច្ចព្រមព្រៀងចុងក្រោយដើម្បីបិទបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានផ្ទុះឡើងជាមួយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់។
អ៉ីរ៉ង់បានព្រមានកុំឱ្យកប៉ាល់ទាំងឡាយកុំធ្វើដំណើរចេញចូលតំបន់ឈូងសមុទ្រដោយឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាត តែកប៉ាល់ខ្លះនៅតែបន្តធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយប្រើប្រាស់ផ្លូវមួយមិនត្រូវបានអនុញ្ញាតដោយតេហេរ៉ង់នោះទេ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច