ព័ត៌មានទាន់ហេតុការណ៍៖

ព្រះ​សង្ឃ​១អង្គ​បើករថយន្តក្នុង​ល្បឿន​លឿន បុក​រះ​ម៉ូតូ​ និង​ត្រាក់​ទ័រ ​ក្រឡាប់​រថយន្ត​ចូល​ស្រែ​ ​របួសធ្ងន់ស្រាល ៥​អង្គ​/នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ​ព្រះសង្ឃ និងគ្រហស្ត​៥​អង្គ/នា​ក់បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៥ និង ៥០ នាទី​ព្រឹក ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៩​និង​លេខ ៧០ ស្ថិត​នៅ​ចំណុច​ភូមិ​គោក​ស្ដៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ គ្រា​ដែល​រថយន្ត ម៉ាក់​Honda CR-V បើកបរ​ដោយ​ព្រះសង្ឃ ក្នុង​ល្បឿន​លឿន​បុក​រះ​ម៉ូតូ​និង​ត្រាក់ទ័រ​ក្នុង​ទិស​ដៅ​ស្របគ្នា​។

តាម​របាយការណ៍​បឋម​របស់​មន្ត្រី​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្តមួយគ្រឿង​​ម៉ាកHonda CR-V ១គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-8024 បើកបរ​ដោយ ព្រះសង្ឃ ​ព្រះនាម ផ្លុ​ង សឿ​ន អាយុ​៤២​ឆ្នាំ គង់ នៅ​វត្ត​ឧត្តម​ស្រះ​រំដេង ស្ថិតក្នុង​ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ​ខេត្តពោធិ៍សាត់ រួម​ដំណើរ​ដោយ​ព្រះសង្ឃ​មួយ​អង្គ​ទៀត ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន។

លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​នឹង​ម៉ូតូ​១គ្រឿង ពីក្រោយ ​ម៉ាក ហុងដា ​​សេ​125 ពាក់​ស្លាក​លេខ​ភ្នំពេញ 1 FU.9973 បើកបរ​ដោយ​ឈ្មោះ ជា រ​ដ្ឋា ភេទ​ប្រុស​អាយុ 22 ឆ្នាំ​រស់នៅ​ភូមិ​ទឹក​ហូត​ ឃុំ​ទឹក​ហូត​.ស្រុក​រលាប្អៀរ មាន​ឌុ​ប​មនុស្ស​២​នាក់ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឱ្យ​ម៉ូតូ​ធ្លាក់​ប្រឡាយ​គ្មាន​ទឹក។ ក្រោយ​បុក​ម៉ូតូ រថយន្ត​បើកបរ​ដោយ​ព្រះសង្ឃ បាន​ជ្រុល​ទៅ​បុក​នឹង​ត្រាក់ទ័រ​១គ្រឿង​ទៀត ដែល​បើកបរ​ដោយ ឈ្មោះ សេង ឡា​ត់ ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​គោក​បន្ទាយ ​ឃុំ​គោក​បន្ទាយ​ស្រុក​រលាប្អៀរ ។​

ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឲ្យ មនុស្ស​៥​នាក់ ក្នុង​នោះ ព្រះសង្ឃ ២ អង្គ ​បានរង​របួសធ្ងន់​និង​ស្រាល ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ។​ ដោយឡែក​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​៣​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្ទូចយក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នី​តិ​វិធី​។

អ្វី​ដែល អ្នកចូលរួម​ជួយ​សង្គ្រោះ​បឋម ក៏​ដូច​ជា​អ្នក​ចោមរោម​មើល​បាន ចាប់អារម្មណ៍​នោះ គឺ​បានឃើញ​នៅ​ក្នុង​រថយន្ត​ដែល​បើកបរ​ដោយ​ព្រះសង្ឃ មាន​កំប៉ុង​ស្រា​បៀរ​ជា​ច្រើន​កំប៉ុង ក្នុង​នោះ​មួយ​កំប៉ុង​នៅ​ជិត​ដៃចង្កូត​រថយន្ត​ ៕

ដោយ៖ សូរិយា


ចែករំលែក៖