ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ដែលជា និស្សិតជំនាញអាយធី(IT) បានបោកក្បាលជាមួយថ្មស្លាប់ភ្លាមៗ សង្ស័យនិស្សិតរូបនោះនាំសង្សារដើរលេងរមណីយដ្ឋានទឹកធ្លាក់ជ្រាវ ហើយមេឃធ្លាក់ភ្លៀងខ្លាំងទឹកហូរយ៉ាងគំហុក គួចបោកផ្ទប់ជាមួយផ្ទាំងថ្មបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍យុវជនជានិស្សិតទឹកហូរគួចបោកផ្ទប់ផ្ទាំងថ្មបោកក្បាលស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចទឹកធ្លាក់ជ្រាវជាន់ទី៦ ស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា មានករណី ឧបទ្ទវ ហេតុ (រអិលជើងធ្លាក់ជ្រោះ បណ្ដាលឱ្យយុវជនម្នាក់ស្លាប់)។ បើតាមការរៀបរាប់របស់ ឈ្មោះ សូត ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ រស់នៅក្នុងភូមិពពី ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង នាងនិងជនរងគ្រោះ ឈ្មោះ ឈៀ ឈុយឃាង ភេទប្រុសអាយុ២០ឆ្នាំ ជានិស្សិតជំនាញអាយធី(IT) រស់នៅក្នុងភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានមកលេងទឹកធ្លាក់ជ្រាវ ពេលមកដល់ក៏បាននាំគ្នាអង្គុយញាំបាយនៅជាន់ទី២ទឹកធ្លាក់តំបន់ជ្រាវ។ ពេលញាំបាយរួចក៏បាននាំគ្នាឡើងទៅងូតទឹកនៅជាន់ទី៦ ពេលទៅដល់ក៏បានដើរឆ្លងទៅត្រើយម្ខាងទៀតដើម្បី ងូតទឹក និងថតរូបលេង។
នារីរូបនោះបានបន្តទៀតថា ងូតទឹក និងថតរូបលេងបានមួយសន្ទុះក្រោយមកក៏ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ទឹកក៏បានហក់ឡើង នាងនិងយុវជនរងគ្រោះក៏បាននាំគ្នាសាកឆ្លងមកវិញចំនួន២ដងដែរ។ ប៉ុន្តែឆ្លងទៅមិនបានដោយសារតែទឹកហូរខ្លាំងពេក ក៏នាំគ្នាត្រឡប់ក្រោយវិញ។ ដោយសារតែសភាពការណ៍ពេលនោះ នាងនិងយុវជនរងគ្រោះបានសាកល្បងលូកជើងថាឆ្លងទៅម្ដងទៀតស្រាប់តែទឹកបោកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះឈ្មោះ ឈៀ ឈុយឃាង ធ្លាក់ចុះទៅក្រោមប្រហែល៥០០ម៉ែត្រ ពេលនោះនាងបានស្រែកឱ្យគេជួយ។
មួយសន្ទុះក្រោយមកក៏មានប្រជាការពារ៣ ទៅ៤នាក់ ចុះមកស្រង់យុវជនរងគ្រោះចេញពីទឹក ដោយជនរងគ្រោះបានបោកក្បាលជាមួយផ្ទាំងថ្មបណ្តាលឱ្យស្លាប់ បាត់ទៅហើយ។ ក្រោយមកបាននាំគ្នាសែងសពយុវជនរងគ្រោះចុះមកខាងក្រោម ហើយក៏បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំង ហើយនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្ពង បានទទួលរបាយការណ៍ ចុះទៅដល់កន្លែងកើតហេតុ បានធ្វើការពិនិត្យ និងកោសល្យវិច័យ លើសាកសពយុវជនខាងលើមានស្នាមរបួសក្បាលខាងស្ដាំឈាមហូរតាមត្រចៀក ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ។
ភ្ញៀវទេសចរណ៍ដែលទៅលេងកំសាន្តនៅតំបន់ទឹកធ្លាក់ជ្រាវ បានលើកឡើងថានៅរដូវវស្សានេះគួរតែនៅតាមតំបន់រមណីយដ្ឋាននានា ជាពិសេសប្រធានសហគមន៍នានា ដែលមានការគ្រប់គ្រងគួរតែមានវិធានការទប់ ស្កាត់ និងជូនដំណឹងដល់ភ្ញៀវទេសចរណ៍ដែលទៅលេង ដែលមិនស្គាល់ភូមិសាស្ត្រច្បាស់ គួរតែប្រាប់ពីបញ្ហាព្រឈម ពីព្រោះថាភ្ញៀវទេសចរ មិនស្គាល់ច្បាស់នូវភូមិសាស្ត្រដែលគ្រោះថ្នាក់នោះឡើយ។
លោក នៅ នី មេភូមិតាំងសំរោង ឃុំអមលាំង និងលោក ប្រធានសមាគម ទឹកធ្លាក់ជ្រាវ បានឱ្យដឹងថា រាល់ថ្ងៃសហគមន៍ របស់លោកតែងតែប្រាប់ភ្ញៀវទេសចរ និងអ្នកមកលេងកំសាន្តទាំងអស់ តាំងពីកន្លែងខាងក្រោម(កន្លែងផ្ញើម៉ូតូ)និងមេក្រូផ្សព្វផ្សាយ និងជូនដំណឹងហាម ឃាត់ ពេលដែលជួបគ្រោះធម្មជាតិ ប៉ុន្តែភ្ញៀវទេសចរខ្លះមិនស្តាប់ពួកគាត់ជាម្ចាស់តំបន់នេះទេ។ ប្រសិនបើមានភ្លៀងធ្លាក់យ៉ាងយូរ១ម៉ោងកន្លះ ទៅ២ម៉ោងទឹកស្រកអស់ហើយ ដូច្នេះប្រសិនបើភ្ញៀវទេសចរដើរលេងកន្លែងណា បើមេឃកំពុងភ្លៀងនៅកន្លែងនឹងសិនទៅ ។ ជាក់ ស្តែងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ម្សិល មិញ មានករណីយុវជនម្នាក់ស្លាប់នេះ សហគមន៍បានជូនដំណឹង និងស្រែកតាមមេក្រូដែរ ប៉ុន្តែសង្ស័យយុវជននិងសង្សារ នៅកន្លែងកន្លៀតថ្ម ទំនងមិនលឺសម្លេងប្រកាសទើបជួបបញ្ហាបែបនេះទៅ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងថា ក្រោយពិនិត្យ ធ្វើកោសល្យវិច័យរួចរាល់លើសពយុវជនខាងលើ នគរបាលបានប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច