ខេត្តកណ្តាល៖ យុវតីម្នាក់រងរបួសធ្ងន់ត្រូវបានដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយរថយន្តធុនធំបើកបរវ៉ាជែងវេរចង្កូតជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះគាបជាប់ក្រោមកង់រថយន្ត។ ករណីនេះកើតហេតុកាលពីវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ២១ខាងមុខហាង ZANO ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចជំនាញនៃអធិការដ្ធាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នៅវេលាកើតហេតុមានរថយន្ត១គ្រឿងម៉ាក HYUNDAI ប្រភេទបែនធុនធំពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 3A-6066 បើកបរដោយឈ្មោះ ជាង ស៊ីដេត ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាក Honda Zoomer ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GX-4971 បើកបរដោយយុវតីវ័យ ១៦ឆ្នាំឈ្មោះ ពេជ្រ សុខចាន់ ( មិនពាក់មួកសុវត្ថិភាព – រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើក បរមានទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិសគ្នា ) ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍បញ្ជូនយុវតីរងគ្រោះដឹកតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ។ ចំនែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចធ្វើតេស្ត ដោយពុំមានសេពគ្រឿងញៀន និងពុំមានជាតិអាល់កុលនោះទេ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ជាមួយមធ្យោបាយធ្វើដំណើរទាំងពីរដែលរងការខូចខាតស្រាល បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីអនុវត្តតាមនីតិវិធី។
ក្រោយការពិនិត្យវាស់វែងរួច សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ធានបឋមថា មូលហេតុគឺបណ្តាលមកពីអ្នកបើកបររថយន្តបើកបរវ៉ាជែងចូលចំណែកផ្លូវយានម្ខាងទៀតដែលបើកបរមានទិសដៅផ្ទុយគ្នា ទើបបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច