កាលពីថ្ងៃទី២៤ ខែតុលា សភាវេណេ ហ៊្សុយអេឡា ដែលគ្រប់គ្រងភាគច្រើនដោយក្រុមប្រឆាំងបានប្រកាសចោទប្រកាន់ទោសប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូថា បានបំពានលទ្ធិប្រជាធិបតេយ្យ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិសេស របស់សភាតំណាងរាស្ត្រមកពីគណបក្សប្រឆាំងលោក Julio Borges បានប្រកាសថា «នោះជាសវនាការនយោបាយ និងផ្លូវច្បាប់ សម្រាប់លោក ម៉ាឌូរ៉ូ ហើយលោកត្រូវតែ ទទួលខុសត្រូវចំពោះការបំពានច្បាប់រដ្ឋ ធម្មនុញ្ញ និងធ្វើឲ្យធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអនាគតរបស់ប្រទេស ជាតិ។
នៅក្នុងកិច្ចប្រជុំសភានោះត្រូវបានផ្អាកក្រោយពេលក្រុមអ្នកគាំទ្ររដ្ឋាភិបាលជាង១០០នាក់បានសម្រុកចូលក្នុងសភាដោយមានកាន់ស្លាកបដារិះគន់សភាផងដែរ។ តំណាងរាស្ត្រប្រឆាំងបានឲ្យដឹងថា ការប៉ះទង្គិចគ្នាកើតឡើងធ្វើឲ្យមនុស្សជាច្រើននាក់ រងរបួសទៀតផង។
កាលពីថ្ងៃទី២០ ខែតុលា គណៈកម្មាធិការរៀបចំការបោះឆ្នោតវេណេហ៊្សុយអេឡា បានប្រកាសផ្អាកសកម្មភាពឃោសនាទាម ទារឲ្យមានការបោះឆ្នោតប្រជាមតិដែល រៀបចំឡើងដោយគណបក្សប្រឆាំង។ ការពន្យារពេលបែបនេះដោយសារតែតុលាការ បានចោទប្រកាន់ក្រុមប្រឆាំងថាមានសកម្ម ភាពកែ្លងបន្លំនៅក្នុងការយកមេដៃ និងហត្ថលេខារបស់ពលរដ្ឋគ្រប់ចំនួនដើម្បីឲ្យមានការបោះឆ្នោតប្រជាមតិទម្លាក់ប្រធានាធិបតី។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធាន គណបក្សប្រឆាំងបានបញ្ជាក់ថា នឹងមាន មហាបាតុកម្មកើតឡើងនៅទូទាំងប្រទេសនៅថ្ងៃទី២៦ ខែតុលា ក្រោយពេលគណៈកម្មាធិការរៀបចំការបោះឆ្នោតពន្យារពេល ប្រមូលស្នាមមេដៃដើម្បីដកហូតតំណែងប្រធានាធិបតី។
វេណេហ៊្សុយអេឡាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកធ្វើឲ្យពលរដ្ឋជាច្រើនប្រឈមនឹងគ្រោះអត់ឃ្លាន ហើយតម្លៃស្បៀងអាហារ កើនឡើងខ្ពស់៕ ម៉ែវ សាធី