ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសលីប៊ីក្រោយរយៈពេល៥ឆ្នាំគ្មានហ្គាដាហ្វុីដឹកនាំតើមានការប្រែប្រួលបែបណា?

ចែករំលែក៖

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ មេដឹកនាំ ហ្គាដាហ្វុី ដែលបានកាន់តំណែងដឹកនាំលីប៊ីរយៈពេល៤២ឆ្នាំត្រូវបានកម្លាំង ទាហានបះបោរសម្លាប់នៅទីក្រុង Sirte ដោយមានការគាំទ្រពីកម្លាំងទាហានណាតូ។

ចាប់តាំងពីរបប ហ្គាដាហ្វុី ធ្លាក់នៅក្នុង សង្គ្រាមស៊ីវិលមកសង្គ្រាមស៊ីវិលក៏បានផ្ទុះឡើងនៅក្នុងប្រទេសនេះការក្រោកឈរឡើងរបស់ក្រុមជនជាតិភាគតិចនៅក្នុង ប្រទេសនេះកាន់តែកើនឡើងធ្វើឲ្យការ ប្រឈមមុខកាន់តែតានតឹង។ រាល់ការខិតខំបង្កើតរដ្ឋាភិបាលឯកភាពជាតិគឺបរាជ័យទាំងអស់ ហើយសេដ្ឋកិច្ចប្រទេសជាតិធ្លាក់ចុះជាបន្តបន្ទាប់។ ភាពចលាចលនៅក្នុងប្រទេសលីប៊ីបានគំរាមកំហែងដល់សន្តិសុខ តំបន់ទាំងមូលក្នុងនោះក្រុមភេរវកម្មកំពុងតែប្រើប្រាស់ភាពចលាចលពង្រីកទីតាំង របស់ខ្លួនក្នុងប្រទេសលីប៊ីផងដែរ។

ការខិតខំរបស់ប្រទេសលោកខាងលិច ដើម្បីផ្លាស់ប្តូរនយោបាយប្រទេសតំបន់ អាហ្វ្រិកមួយនេះដោយលទ្ធផលអាក្រក់ បំផុត។ ទាំងនោះជាទស្សនៈរួមរបស់អ្នក នយោបាយការបរទេស អ្នកនយោបាយ និង ក្រុមអ្នកវិទ្យាសាស្ត្រ បានលើកឡើងនៅក្នុង កិច្ចប្រជុំតុមូលស្តីពីវិបត្តិនៅក្នុងប្រទេសស៊ីរី។

អតីតមេដឹកនាំ ហ្គាដាហ្វុី ត្រូវបានសម្លាប់ ដោយមិនឆ្លងកាត់ការកាត់ទោសណាមួយឡើយ ដូចជាមេដឹកនាំអុីរ៉ាក់ សាដាមហ៊ូ សេន។ ការស្លាប់របស់លោកគឺជាការសម្លាប់ មនុស្សដែលគេអាចនិយាយការសម្លាប់ បំបិទមាត់គឺជាបទល្មើសសម្លាប់មនុស្ស មិនត្រូវបានស្រាវជ្រាវ។

មន្ត្រីការបរទេស Oleg Peresypkin ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី អឺរ៉ុប និងជាអតីតរដ្ឋទូតសូវៀតប្រចាំនៅលីប៊ី ក្នុងអំឡុងទសវត្សឆ្នាំ៨០បានឲ្យដឹងថា មក ទល់ពេលនេះគេមិនទាន់អាចបញ្ជាក់ថា អ្នកណាជាអ្នកសម្លាប់មេដឹកនាំ ហ្គាដាហ្វុី នោះឡើយ។ ក្រុមអ្នកស្លាប់នោះគឺជាក្រុមជ្រុលនិយមនៅក្នុងប្រទេសនេះ។ ប៉ុន្តែបើ ទោះបីដឹងថា អ្នកណាសម្លាប់ក៏មិនអាចយក មកកាត់ទោសនោះដែរ។

ចំណែកលោក Sergei Baburin ប្រធាន គណៈកម្មាធិការសមគ្គីជាមួយប្រជាជនលីប៊ី និងស៊ីរីបញ្ជាក់ថា «គ្មានក្រុមបះបោរចូល រួមរំដោះទីក្រុងទ្រីប៉ូលីឬក៏ទីក្រុង Serte នោះឡើយគឺមានតែទាហានស៊ីឈ្នួល របស់ប្រទេសលោកខាងលិច»។ លោក បន្តទៀតថា លោក ហ្គាដាហ្វុី ត្រូវបានចាប់ខ្លួននៅក្នុងសង្គ្រាមវាយប្រហាររបស់កម្លាំងណាតូ។ ក្រោយមកលោកត្រូវបានលក់ដូរពីក្រុមមួយទៅឲ្យក្រុមមួយទៀតនៅក្នុង ប្រទេសនេះដែលពួកគេប្រជែងគ្នាដណ្តើមយកសិទ្ធិសម្លាប់លោក ហ្គាដាហ្វុី ។ មកទល់ ពេលនេះយើងមិនទាន់ដឹងការពិតនៅឡើយ ប៉ុន្តែយើងសង្ឃឹមថា ពេលចុងក្រោយនឹងមានការលាតត្រដាងការពិត។

លោក Baburin ជឿជាក់ថា ដល់ពេល ដែលលោក ហ្គាដាហ្វុី ត្រូវបានទទួលស្គាល់ ថា ជាបុគ្គលលេចធ្លោនៅក្នុងសម័យកាលនេះ។

តាមការប្រកាសរបស់មន្ត្រីការបរទេស Peresypkin បានបញ្ជាក់ថា លោកខាងលិច ក្នុងនោះមានអាមេរិកបានរកគ្រប់វិធីសាស្ត្រ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ្គាដាហ្វុី ដោយយកហេតុផលសេដ្ឋកិច្ច។ លោកបន្ត ទៀតថា លោក ហ្គាដាហ្វុី បានចំណាយប្រាក់រហូតដល់១៨០ពាន់លានដុល្លារទៅលើអាមេរិកនិងអឺរ៉ុប។ ជាការពិតណាស់ប្រាក់ទាំងអស់នោះត្រូវបានដកហូត ព្រម ទាំងទ្រព្យសម្បត្តិរបស់លោក ហ្គាដាហ្វុី នៅបរទេសក្នុងនោះមានអចលនទ្រព្យជាដើម។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន RT លោក Ahmed Gaddaf Ad Dam ដែលជាប្អូនជីដូនមួយរបស់លោក ហ្គាដាហ្វុី បានបញ្ជាក់ថា គម្រោងបង្កើតតំបន់ ចាយប្រាក់រួមនៅទ្វីបអាហ្វ្រិក គឺជាមូល ហេតុជំរុញឲ្យមានការលូកដៃជ្រៀតជ្រែកដោយយោធាពីប្រទេសខាងក្រៅ និងជា ហេតុផលជំរុញឲ្យមេដឹកនាំ ហ្គាដាហ្វុី ត្រូវ គេសម្លាប់។

លោក Ahmed Gaddaf Ad Dam បាន បញ្ជាក់ថា «លោកខាងលិចបានដឹងច្បាស់ ថា លោក ហ្គាដាហ្វុី កំពុងតែដឹកនាំការតស៊ូ រំដោះទ្វីបអាហ្វ្រិកទាំងមូល និងបណ្តេញ ប្រទេសធ្វើអាណានិគមចេញពីតំបន់នេះ។ លោក ហ្គាដាហ្វុី ចង់ឲ្យមានការសមគ្គីគ្នានៅក្នុងទ្វីបទាំង២បង្កើតទៅជាតំបន់រួមចាយ ប្រាក់រួម។

តាមប្រសាសន៍លោក Ahmed Gaddaf Ad Dam នៅក្នុងឆ្នាំ១៩៩៩ លោក ហ្គាដា ហ្វុី បានចាបផ្តើមពិភាក្សាពីការបង្កើតសហគមន៍អាហ្វ្រិក និងតំបន់ចាយប្រាក់រួមដើម្បីធ្វើឲ្យតំបន់នេះកាន់តែមានសក្តានុពលនៅលើឆាកអន្តរជាតិ។ ដោយសារតែគោល នយោបាយទាំងនោះផ្ទុយទៅនឹងផល ប្រយោជន៍របស់លោកខាងលិច ទាំងនោះ ហើយបានជាលោកខាងលិចចាត់ទុកលោក ហ្គាដាហ្វុី គឺជាការគំរាមកំហែង។

ពលរដ្ឋលីប៊ីទាំងអស់ពិតជាខកចិត្តយ៉ាង ខ្លាំងចំពោះលទ្ធផលនៃ «អារ៉ាប់និទាឃ រដូវ» ឬ «បដិវត្តន៍ផ្កាម្លិះ»។ លោក Yury Zinin មន្ត្រីជាន់ខ្ពស់នៅក្នុងមហាវិទ្យាល័យ ទំនាក់ទំនងការបរទេសនៅទីក្រុងមូស្គូបាន បញ្ជាក់ថា «ប្រទេសលីប៊ីបានបាត់បង់សមគ្គី ភាពបាត់បង់សណ្តាប់ធ្នាប់ និងស្ថិរភាពលីប៊ី មានសភាដែលបោះឆ្នោតឡើងដោយប្រជា ជន ប៉ុន្តែសភានោះត្រូវបានបែងចែកមិនអាចស្ថិតស្ថេរបាននោះឡើយទីបំផុតសភាបានបែកចេញចេញជាពីរធ្វើឲ្យស្ថានភាព ក្នុងប្រទេសនេះកាន់តែអាក្រក់ថែមទៀត។

លោក Yuri Zinnin បន្តទៀតថា រាល់ការខិតខំរបស់អង្គការសហប្រជាជាតិដើម្បី ធ្វើឲ្យប្រសើរឡើងវិញ នូវស្ថានភាពក្នុង ប្រទេសនេះតែមិនមានលទ្ធផលល្អនោះឡើយ។ បច្ចុប្បន្នប្រទេសនេះមានក្រុម នយោបាយនិងយោធាពីរផ្សេងគ្នា ហើយមាន ៣រដ្ឋាភិបាល។ ការពិតលីប៊ីមិនស្ថិតនៅ ក្នុងប្រទេសឯកភាពទៀតនោះឡើយ។

ប្រទេសណាដែលលោកខាងលិចដឹងថាមានបំណងចង់រួចផុតពីឥទ្ធិពលលោកខាងលិចឬក៏ធ្វើឲ្យបាត់បង់ផលប្រយោជន៍នោះមេដឹកនាំប្រទេសទាំងនោះនឹងត្រូវ ស្លាប់ ឬចាកចេញពីតំណែង ត្រូវចាប់ខ្លួន កាត់ទោស ឬជាប់គុកមួយជីវិត ស្លាប់ដូច គ្នា។ ដូចជាមេដឹកនាំអីុរ៉ាក់ សាដាមហ៊ូសេន មេដឹកនាំអេហ្ស៊ីបជាដើម។

អ្វីដែលគេចាប់អារម្មណ៍នោះមេដឹកនាំក្រុមភេរវកម្មមេដឹកនាំក្រុមប្រឆាំងលោកខាងលិចគឺត្រូវតែស្លាប់ដោយមិនមានការកាត់ទោសសួរនាំច្រើននោះឡើយ។ ជាក់ ស្តែងមេដឹកនាំក្រុមភេរវកម្ម អាល់កៃដា លោក អូសាម៉ាប៊ីនឡាដេន ត្រូវបានសម្លាប់ នៅក្នុងប្រទេសប៉ាគីស្ថាន។

ចំណុចទាំងនោះធ្វើឲ្យមនុស្សជាច្រើនបានដាក់សំណួរសួរថា ហេតុអ្វីបានជា អាមេរិកមិនចាប់ទាំងរស់ដើម្បីកាត់ទោស សួរចម្លើយពាក់ព័ន្ធនឹងការវាយប្រហារនៅអាមេរិកពេលដែលអាមេរិកដឹកច្បាស់ថា អូសាម៉ាប៊ីនឡាដេន នៅទីនោះដោយគ្មានអ្នកការពារតឹងតែងនោះ។ ទាំងនោះហើយគឺជាការសម្លាប់បំបិទមាត់ជៀសវាងអូស បន្លាយទៅជារឿងផ្សេងទៀតដែលអាមេរិក ជាអ្នកពាក់ព័ន្ធផ្ទាល់នៅក្នុងសកម្មភាពភេរវ កម្មលើពិភពលោក៕ ម៉ែវ សាធី

jobless-without-qaddafi1


ចែករំលែក៖