សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋាភិបាលតាលីបង់ នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអះអាងថា ជនស៉ីវិលយ៉ាងហោច៣៨នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន កាលពីវេលាយប់កន្លងទៅ។
នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានប៉ាគីស្ថាន បានប្រកាសថា ការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន ទៅលើគោលដៅនៅខេត្ត Paktia, Paktika និង Kunar របស់អាហ្វហ្កានីស្ថាន បានផ្តាច់ជីវិតជនសកម្មប្រយុទ្ធ២៥នាក់ ហើយកម្ទេចសព្វាវុធនិងគ្រាប់រំសេវក្នុងបរិមាណយ៉ាងច្រើន។ ទន្ទឹមគ្នានោះ ជនសកម្មប្រយុទ្ធ៤នាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ផងដែរ ក្នុងប្រតិបត្តិការតាមជើងគោក នៅតំបន់ព្រំប្រទល់។
យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានអះអាងថា ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន បានសម្លាប់ជនស៉ីវិល៣៨នាក់ និងបង្កឱ្យរបួសរហូតដល់១៦៣នាក់។ ប៉ាគីស្ថាន បានលើកឡើងថា ប្រតិបត្តិការរបស់ខ្លួន គឺជាការឆ្លើយតបចំពោះករណីវាយប្រហារភេរវកម្មជាបន្តបន្ទាប់នាពេលថ្មីៗនេះ រួមមានទាំងការបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់កងកម្លាំងទាហានប៉ារ៉ា៣នាក់ និងបង្កឱ្យរបួស៤នាក់ នៅទីក្រុង Karachi ភាគខាងត្បូង កាលពីថ្ងៃសៅរ៍។
ទីក្រុងអ៉ីស្លាម៉ាបាដចោទទីក្រុងកាប៊ុល អំពីការផ្តល់កន្លែងជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធ ដែលស្ថិតនៅពីក្រោយសកម្មភាពវាយប្រហារក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្តែខាងអាជ្ញាធរតាលីបង់ បានច្រានចោលការចោទប្រកាន់នេះ ហើយនិយាយថា ករណីវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ គឺជាបញ្ហាផ្ទៃក្នុងរបស់ប៉ាគីស្ថានសុទ្ធសាធ។ ប្រទេសជិតខាងទាំងពីរ បានកើនឡើងភាពតានតឹងនឹងគ្នាខ្លាំង តាំងពីខែតុលា ឆ្នាំ២០២៥ រហូតឈានដល់ផ្ទុះសង្រ្គាមកាលពីខែកុម្ភៈ ឆ្នាំនេះ មុនពេលមានបទឈប់បាញ់ ហើយការប៉ះទង្គិចគ្នាតិចតួច នៅតែបន្តមកទល់ពេលនេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច