ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តសៀមរាបឃាត់ខ្លួនជួនសង្ស័យពីរនាក់ដែលដេញគប់ និងវាយគ្នាទៅវិញទៅមកនៅចំណុចផ្លូវបំបែកជាបួនក្នុងសង្កាត់ស្វាយដង្គំ

ចែករំលែក៖

ខេត្តសៀមរាប៖ អនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ បានចំនួន០២ នាក់យកមកសាកសួរនាំ។

មន្ត្រីនគរបាលខេត្តសៀមរាបឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋករណីអំពើហិង្សា ដោយចេតនា (ដេញគប់និងវាយគ្នា ទៅវិញទៅមក) កាលវេលាម៉ោង ២២:៣០ នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦ នៅចំណុច ផ្លូវបេតុងបំបែកជាបួន ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ភ្លាមៗ កម្លាំងនគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០២ នាក់ យកមកសាកសួរនាំ តាមនីតិវិធី ÷

ជនសង្ស័យទី១-ឈ្មោះ សាង រេជី ភេទប្រុសអាយុ១៦ ឆ្នាំ មុខរបរ គ្មាន ទីកន្លែងកំណើតភូមិស្ពានថ្ម ឃុំស្ពានថ្ម ស្រុក-ខេត្តស្ទឹងត្រែងទីលំនៅបច្ចប្បន្នភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុង-ខេត្តសៀមរាប(ប្រវត្តិទោស,គ្មាន)និងជនសង្ស័យទី២-ឈ្មោះ ទិព្វ ប្រសិទ្ធ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើត រាជធានីភ្នំពេញ និងទីលំនៅបច្ចប្បន្ន នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន)។

+វត្ថុតាងដកហូតបាន មួកការពារពណ៌ខ្មៅចំនួន៣ មួក។

យោងតាមទិន្នន័យពីកាមេរ៉ាសុវត្ថិភាព និងបណ្តាញសង្គម ព្រមទាំងចម្លើយសារភាព បច្ចប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងសាវតាបានមួយចំនួនរួចហើយ កំពុងស្នើសុំដីកាតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត៕


ចែករំលែក៖