ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នករត់ម៉ូតូកង់បីដែលត្រូវម្ចាស់ហាងថែសម្ផស្ស «អិន១៦៨ ប៊ីយូធី» ធាក់ដាច់ផ្ងារទៅក្រោយ បានស្លាប់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បី ដែលត្រូវបានម្ចាស់ហាងមជ្ឈមណ្ឌលថែសម្ផស្ស «អិន ១៦៨ ប៊ីយូធី និងស្បា» ប្រើហិង្សាដោយធាក់ដាច់ផ្ងារទៅក្រោយ បោកក្បាលរងរបួសធ្ងន់ បន្ទាប់ពីមានទំនាស់គ្នារឿងចតម៉ូតូកង់បីនៅមុខហាង ពេលនេះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ។

អ្នករត់ម៉ូតូកង់បី ដែលបានស្លាប់ក្នុងការប្រើហិង្សានេះ មានឈ្មោះ ឈៀង សុវណ្ណា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះជួលលេខ៧ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមានឈ្មោះ តាន់ ប៊ុនថា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាម្ចាស់ហាងមជ្ឈមណ្ឌលថែសម្ផស្ស អិន ១៦៨ ប៊ីយូធី និងស្បា មានទីលំនៅផ្ទះជួលលេខ ៧៥E០ ផ្លូវលេខ៣១០ ក្រុមទី១៧ ភូមិទី២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីនគរបាលជំនាញ បានឱ្យដឹងថា អំពើហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឱ្យជនរងគ្រោះមរណភាពនេះ បានកើតឡើងនៅវេលាម៉ោង២០ និង ៥៦នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ៧៥E០ ផ្លូវលេខ៣១០ ក្រុមទី១៧ ភូមិទី២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១៨ និង២០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅផ្ទះលេខ ១៥ ផ្លូវលេខ១៥៩ ភូមិទី៥ សង្កាត់អូរឡាំពិក បន្ទាប់ពីចេញពីមន្ទីរពេទ្យព្រះអង្គឌួង ។

ក្នុងនោះដែរ បន្ទាប់ពីគ្រូពេទ្យកោសល្យវិច័យត្រួតពិនិត្យរួចរាល់ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។

គួររំលឹកផងដែរថា ជនរងគ្រោះ និងជនសង្ស័យបានឈ្លោះប្រកែកគ្នា ដោយសារតែរឿងអ្នករត់ម៉ូតូកង់បី បានចតនៅមុខផ្ទះជនសង្ស័យ ធ្វើឱ្យរថយន្តចូលមិនរួច។ បន្ទាប់ពីមានទំនាស់ពាក្យសម្តី ជនសង្ស័យបានលោតធាក់ជនរងគ្រោះបណ្តាលឱ្យដាច់ផ្ងារទៅក្រោយរងរបួសធ្ងន់ រួចត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះអង្គឌួង។ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ។

លុះដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង០០នាទី ម្តាយជនរងគ្រោះបានសុំគ្រូពេទ្យ នាំជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្តង ៕


ចែករំលែក៖