ព័ត៌មានទាន់ហេតុការណ៍៖

គយ ជាមួយផ្នែកឯកជន ដំណើរការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ ប្រព្រឹត្តទៅដោយមានការចូលរួមទូលំទូលាយ តម្លាភាព និងមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរៀបចំ “កិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ជាមួយផ្នែកឯកជន លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ” ក្នុងគោលបំណងពិភាក្សា និងស្តាប់មតិយោបល់និងសំណូមពរពីផ្នែកឯកជន ដើម្បីរួមចំណែកកែលម្អសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ ឱ្យកាន់តែល្អប្រសើរ សមស្របនឹងបរិបទពាណិជ្ជកម្មបច្ចុប្បន្ន និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា, សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា, សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា, សមាគមដឹកអ្នកដំណើរនិងភស្តុភារកម្ពុជា និងសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ជាច្រើនរូប។

លោកអគ្គនាយករងបានគូសបញ្ជាក់ថា ច្បាប់ស្តីពីគយត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០៧ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ការប្រមូលចំណូលរដ្ឋ ការសម្រួលពាណិជ្ជកម្ម និងការទប់ស្កាត់បទល្មើសគយ។ ទោះជាយ៉ាងណា បរិបទសេដ្ឋកិច្ច ពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ បច្ចេកវិទ្យា និងការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការនាំចេញ-នាំចូល បានវិវត្តយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាព និងកែលម្អក្របខ័ណ្ឌច្បាប់គយ ឱ្យកាន់តែច្បាស់លាស់ និងសមស្របនឹងតម្រូវការបច្ចុប្បន្ន និងអនាគត។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគយនេះ មានគោលបំណងធានាតុល្យភាពរវាងការសម្រួលពាណិជ្ជកម្ម និងការពង្រឹងអនុលោមភាពច្បាប់។ ក្នុងន័យនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចាត់ទុកការចូលរួមរបស់ផ្នែកឯកជន ជាធាតុសំខាន់ក្នុងដំណើរការរៀបចំសេចក្តីព្រាងនេះ ដោយសារផ្នែកឯកជនគឺជាអ្នកអនុវត្តនីតិវិធីគយជាប្រចាំ និងមានបទពិសោធន៍ជាក់ស្តែងក្នុងប្រតិបត្តិការធុរកិច្ច។

សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ មានចំនួន ១៤ជំពូក ស្មើនឹង ៨៨មាត្រា ដោយកើនឡើង ១ជំពូក និង ៨មាត្រា បើប្រៀបធៀបនឹងច្បាប់ជាធរមាន។ ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសលើខ្លឹមសារសេចក្តីព្រាងបានចំនួន ៣៥មាត្រា។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា នាពេលឆាប់ៗខាងមុខ ដើម្បីបន្តពិនិត្យលើមាត្រាដែលនៅសេសសល់ សំដៅធានាឱ្យដំណើរការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ ប្រព្រឹត្តទៅដោយមានការចូលរួមទូលំទូលាយ តម្លាភាព និងមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖