ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបើកកិច្ច ប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២ និង០០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ រួមមាន÷១/ឈ្មោះ នាក់ នី ,២/ឈ្មោះ មិត្ត ឡាត់, ៣/ឈ្មោះ កេត វល្លិល័ក្ខ, ៤/ឈ្មោះ ឌឿន សុខឈាង, ៥/ឈ្មោះ សឹម ឌីណា ,៥/ឈ្មោះ កែវ ភ័ក្រ្ត និងដកហូតបានម្សៅក្រាមពណ៌សថ្លា ១ថង់ និង ១កំណាត់ទុយោ, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ ៤គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នាក់ នី និងមានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃដដែល កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន៣នាក់ទៀត ១/ឈ្មោះ ទុំ ទិត្យ និងម្នាក់ទៀតឈ្មោះ យុន ធឿន នៅចំណុចក្រុមទី០១ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន រួមជាមួយវត្ថុតាង ,ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៣ថង់ និង ៤កំណាត់ទុយោ ,ថ្នាំគ្រាប់រាងមូលសំប៉ែត (WY) ចំនួន ៥០គ្រាប់ ក្នុងនោះពណ៌ផ្កាឈូក ៤៩គ្រាប់ និងពណ៌បៃតង ០១គ្រាប់ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង ,សម្ភារៈសម្រាប់ប្រើប្រាស់និងច្រករំលែកលក់មួយចំនួន, កាំបិតចំនួន ០៧ដើម, ម៉ូតូ ០១គ្រឿង ,ទូរស័ព្ទដៃចាស់ៗចំនួន ០៦គ្រឿង និងប្រាក់រៀលខ្មែរចំនួន ១៥០,០០០ រៀល។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៩នាក់ខាងលើរួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច