ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកអាមេរិក៖ មានការភ្ញាក់ផ្អើលជាច្រើននៅក្នុងការប្រកួតឆ្នាំនេះ គ្មានក្រុមណាអាចធានាជ័យជម្នះបានឡើយ

ចែករំលែក៖

លោក Mauricio Pochettino គ្រូបង្វឹកក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក បានច្រានចោលការលើកឡើងថា ក្រុមរបស់លោកគឺជាក្រុមដែលនឹងឈ្នះក្នុងការប្រកួតវគ្គ 32 ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 ទល់នឹង បូស្ន៊ី ដោយបញ្ជាក់ថា ការភ្ញាក់ផ្អើលជាច្រើននៅក្នុងការប្រកួតឆ្នាំនេះ បានបង្ហាញថា គ្មានក្រុមណាអាចធានាជ័យជម្នះបានឡើយ។

ការលើកឡើងរបស់លោកធ្វើឡើង បន្ទាប់ពី អាល្លឺម៉ង់ ត្រូវធ្លាក់ចេញពីការប្រកួតក្រោមថ្វីជើង ប៉ារ៉ាហ្គាយ ដោយបាល់ប៉េណាល់ទី ខណៈ ម៉ារ៉ុក ក៏បានទម្លាក់ ហូឡង់ ដោយការស៊ុតបាល់កាត់សេចក្តីផងដែរ។

លោក Pochettino បានថ្លែងថា៖

«ជាមុនសិន ខ្ញុំមិនជឿថា យើងជាក្រុមដែលនឹងឈ្នះនោះទេ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញឱ្យឃើញថា ការប្រកួតនេះពិបាកសម្រាប់គ្រប់ក្រុមទាំងអស់។»

លោកបន្តថា៖ «មនុស្សជាច្រើននិយាយថា អាល្លឺម៉ង់ជាក្រុមនឹងឈ្នះ ប៉ុន្តែពួកគេបានចាញ់ប៉ារ៉ាហ្គាយ។ រីឯហូឡង់ក៏ត្រូវម៉ារ៉ុកទម្លាក់ដែរ។ នៅ World Cup ឆ្នាំនេះ មានកត្តាជាច្រើនដែលអាចជះឥទ្ធិពលដល់លទ្ធផល ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន មុននឹងហៅក្រុមណាមួយថាជាក្រុមនឹងឈ្នះ។»

សហរដ្ឋអាមេរិក បានបញ្ចប់នៅកំពូលពូល D ក្រោយយកឈ្នះ ប៉ារ៉ាហ្គាយ និង អូស្ត្រាលី ក្នុងពីរប្រកួតដំបូង ខណៈ បូស្ន៊ី បានឡើងមកវគ្គនេះក្នុងនាមជាក្រុមលេខ៣ក្នុងពូលរបស់ខ្លួន។

ដំណឹងល្អសម្រាប់អាមេរិក គឺខ្សែប្រយុទ្ធឆ្នើម Christian Pulisic បានប្រកាសថា ខ្លួនមានសភាពរាងកាយគ្រប់គ្រាន់សម្រាប់ចូលលេងជម្រើសដំបូង បន្ទាប់ពីបង្ហាញខ្លួនជាកីឡាករបម្រុងក្នុងការប្រកួតចាញ់ ទួរគី 3-2។

ផ្ទុយទៅវិញ ខ្សែការពារកណ្តាល Mark McKenzie ទំនងជាខកខានការប្រកួត ដោយសាររបួសជើង ខណៈខ្សែការពារស្លាបឆ្វេង Auston Trusty ដែលរងរបួសកជើងក្នុងការប្រកួតមុន មានស្ថានភាពប្រសើរជាងការរំពឹងទុក ហើយអាចមានឈ្មោះនៅកៅអីបម្រុង។

លោក Pochettino បានបញ្ជាក់ថា ក្រុមរបស់លោកត្រូវចាត់ទុកការប្រកួតជាមួយបូស្ន៊ីដូចជាវគ្គផ្តាច់ព្រ័ត្រ និងមិនអាចមើលស្រាលគូប្រកួតបានឡើយ។

«ពួកគេសមនឹងទទួលបានការគោរព។ ពួកគេមានគុណភាព មិនត្រឹមតែការលេងដោយស្វាហាប់ និងការរៀបចំក្រុមបានល្អប៉ុណ្ណោះទេ ប៉ុន្តែក៏មានកីឡាករល្អៗ និងគ្រូបង្វឹកដែលដឹកនាំក្រុមបានយ៉ាងមានប្រសិទ្ធភាព។»

ក្រុមឈ្នះរវាង សហរដ្ឋអាមេរិក និង បូស្ន៊ី នឹងត្រូវឡើងទៅជួបអ្នកឈ្នះរវាង សេណេហ្គាល់ និង បែលហ្ស៊ិក នៅវគ្គ 16 ក្រុមចុងក្រោយ៕


ចែករំលែក៖