ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ! ចាប់ពីថ្ងៃទី១ កក្កដានេះតទៅ ពលរដ្ឋចំណាកស្រុក ដែលចង់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី មិនចាំបាច់ត្រឡប់ទៅធ្វើនៅស្រុកកំណើតវិញនោះទេ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តូប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះតទៅ ប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកពីខេត្តមួយទៅខេត្តមួយ ហើយមានបំណងស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចធ្វើនៅទីកន្លែងដែលខ្លួនកំពុងរស់នៅ ឬប្រកបការងារបាន ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅទីលំនៅអចិន្ត្រៃយ៍ ឬទៅស្រុកដូចពេលកន្លងមកនោះទេ។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពី «ការផ្សព្វផ្សាយការដាក់ឱ្យដំណើរការយន្តការ ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ឯកបណ្ឌិត តូប នេត បានគូសបញ្ជាក់ទៀតថា ការដាក់ឱ្យដំណើរការយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រជាពលរដ្ឋ ចំណាកស្រុក អាចមកស្នើផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅគ្រប់ស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត គឺជាកំណែទម្រង់ដ៏សំខាន់មួយក្នុងការលើកកម្ពស់ និងធ្វើទំនើបកម្ម សេវាសាធារណៈ ស្របតាមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកអគ្គនាយកអត្តសញ្ញាណកម្មរូបនេះ បានថ្លែងថាការផ្លាស់ប្តូរនេះ នឹងរួមចំណែកកាត់បន្ថយពេលវេលា ការចំណាយ និងការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការទទួលសេវាសាធារណៈឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព។ ជាក់ស្តែង កន្លងមក ប្រជាពលរដ្ឋដែលបានចំណាកស្រុកទៅរស់នៅ ឬប្រកបការងារ នៅរាជធានី ខេត្តផ្សេងពីទីលំនៅអចិន្ត្រៃយ៍របស់ខ្លួន តែងជួបប្រទះការលំបាកក្នុងការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដំបូង ឬបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងការស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ករណីបាត់បង់ ឬខូចខាត ដោយត្រូវធ្វើដំណើរត្រឡប់ទៅមូលដ្ឋានដើមវិញ ឬត្រូវមកនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ ឬទីស្នាក់ការនៅរាជធានីភ្នំពេញ។ ការណ៍នេះបានបង្កឱ្យមានការចំណាយពេល វេលា ថវិកា និងប៉ះពាល់ដល់ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ «ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនេះ ក្រសួងមហាផ្ទៃ បានសម្រេចដាក់ឱ្យអនុវត្ត យន្តការថ្មី ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចំណាកស្រុក អាចស្នើសុំចុះបញ្ជី និង ទទួលសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលខ្លួនកំពុងរស់នៅ ឬប្រកបការងារ ដោយផ្ទាល់ ដោយមិនចាំបាច់វិលត្រឡប់ ទៅទីលំនៅអចិន្ត្រៃយ៍ ឬមកនាយកដ្ឋាននៅភ្នំពេញដូចមុនទៀតឡើយ»។

លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំដាក់ឱ្យអនុវត្តការចុះបញ្ជី និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំណាកស្រុក ដែលជាយន្តការគាំទ្រដ៏សំខាន់មួយ ជួយសម្រួលដល់ការផ្តល់សេវាអត្តសញ្ញាណកម្មឱ្យកាន់តែមាន ប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ដើម្បីធានាឱ្យការអនុវត្តយន្តការថ្មីនេះ ទទួលបានជោគជ័យ លោកបានជំរុញដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបន្តធានាការគាំទ្រផ្នែកបច្ចេកទេស ការតភ្ជាប់ប្រព័ន្ធទិន្នន័យ និងការណែនាំបច្ចេកទេសជាប្រចាំ ដល់បណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ដើម្បីធានាឱ្យការអនុវត្តមានភាពរលូន ឯកភាព និងមាន ប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរៀបចំកម្លាំង មធ្យោបាយ និង លក្ខខណ្ឌចាំបាច់នានា ឱ្យបានគ្រប់គ្រាន់ សម្រាប់ទទួល និងផ្តល់សេវាជូនប្រជា ពលរដ្ឋទូទៅ និងប្រជាពលរដ្ឋចំណាកស្រុក ប្រកបដោយភាពរហ័សរហួន ត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ អំពីយន្តការថ្មីនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់ និងអាចទទួល បានសេវាដោយងាយស្រួល នៅស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬទីតាំងចល័ត ណាមួយតាមការរៀបចំចាំបាច់របស់ស្នងការដ្ឋាន។

បន្ថែមពីនេះ លោកបានណែនាំដល់មន្ត្រីផ្តល់សេវាទាំងអស់ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវនីតិវិធី និងបទដ្ឋាន បច្ចេកទេសដែលបានកំណត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព តម្លាភាព គណនេយ្យភាព និងការបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់។ ត្រូវបន្តជំរុញការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរចំណាកស្រុក និងប្រជា ពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីបរទេស ស្របតាមច្បាប់ លិខិតបទដ្ឋានគតិ យុត្ត និងសេចក្ដីណែនាំជាធរមានរបស់ក្រសួងមហាផ្ទៃ និងត្រូវពង្រឹងការតាមដាន វាយតម្លៃ និងរាយការណ៍អំពីវឌ្ឍនភាព បញ្ហា ប្រឈម និងសំណូមពរនានា ក្នុងអំឡុងពេលអនុវត្ត ដើម្បីអាចធ្វើការកែលម្អ និង ដោះស្រាយបញ្ហាបានទាន់ពេលវេលា៕

ដោយ៖តារា


ចែករំលែក៖