ព័ត៌មានទាន់ហេតុការណ៍៖

អគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ,សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី លោកស្រីបណ្ឌិត ត្រូវបានលោកស្រី ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាចំនួន២ខ្នង មាន១០ បន្ទប់ ភ្ជាប់ដោយបន្ទប់ទឹក១ខ្នង មាន៤បន្ទប់ សាងសង់ទីធ្លាសាលា និងដងទង់ជាតិ នៃសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតនៅក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានេះ លោកស្រី ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ ដែលជានិច្ចកាលលោកទាំង៤ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសការគិតគូរចំពោះការសាងសង់អាគារសិក្សាដល់ក្មួយៗសិស្សានុសិស្សនៅថ្ងៃនេះ។

ពិធីបញ្ចុះបឋមសិលានេះ បានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា ដោយមាននិមន្តព្រះសង្ឃ៧អង្គ មានការចូលរួមពីយាយជី តាជី៥០នាក់ ប្រជាពលរដ្ឋអាណាព្យាបាលសិស្ស១០០ នាក់ និងសិស្សានុសិស្ស ចំនួន៦២២នាក់។

នាឱកាសនោះ លោកស្រីក៏បាននាំយកនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងថវិកា៥០០០០រៀល ចែកជូនលោកយាយ លោកតា ដែលបានចូលរួមនាឱកាសនេះ និងចែករទេះរុញសម្រាប់ពលរដ្ឋមានពិការភាពចំនួន២គ្រឿង។

ជាមួយគ្នានោះ លោកស្រី ក៏បានចែកនូវអាហារដល់ក្មួយៗ សិស្សានុសិស្សដែលបានចូលរួមទាំង៦២២នាក់ផងដែរ៕

ដោយ៖តារា


ចែករំលែក៖