ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកស៊ី ជិះម៉ូតូទៅផ្ទះដល់ចំណុចស្ងាត់ត្រូវជនសង្ស័យដកកាំបិតប្លន់ម៉ូតូបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូដល់កន្លែងស្ងាត់ ត្រូវជនសង្ស័យ២នាក់កៀរចូលខាង រួចដកកូនកាំបិតភ្ជង់ប្លន់យកម៉ូតូទៅបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុងវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ទួន ទូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ មានស្រុកកំណើតភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងមិត្តភក្តិម្នាក់ទៀតបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិនៅម្តុំទួលកី លុះមកដល់ម៉ោងកើតហេតុរូបគេទាំង២នាក់បាននាំគ្នាត្រឡប់មកផ្ទះវិញដោយជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១E-៤០៩២ ស្រាប់តែមកដល់ផ្លូវបេតុងចូលវត្តអង្គត្រគៀតជាកន្លែងស្ងាត់បំផុតនោះ ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មិនចាំស៊េរី បានជិះមកជិតហើយកៀរម៉ូតូគេចូលកៀនផ្លូវ និងយកកាំបិតមកភ្ជង់គំរាមប្លន់ តែរូបគេមិនព្រមឲ្យម៉ូតូទេដោយនៅគិតថាស្តាយ ទើបរូបគេតដៃ ជាមួយជនសង្ស័យបណ្តាលជនសង្ស័យ ដែលកាន់កាំបិតនៅដៃចាក់ត្រូវកដៃខាងឆ្វេងរួចយកម៉ូតូរបស់គេជិះចេញទៅបាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ តែដោយមិនមែនជាទឹកដីកើតហេតុ សមត្ថកិច្ចបានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកន្ទោក ដើម្បីតាមស្រាវជ្រាវតាមរយះស្លាកលេខ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖