ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន បូណា៖ កំណែទម្រង់នៅតែជាស្នួល នៃកម្មវិធីគោលនយោបាយទាំងអស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតមកដល់សម្ដេចធិបតី

ចែករំលែក៖

ភ្នំពេញ៖ បើតាមលោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងតាមរយៈវេទិកាសារព័ត៌មានលើកទី៨ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ «កំណែទម្រង់រស់ មិនកែទម្រង់ស្លាប់» ជាទិសស្លោកដ៏មានអត្ថន័យជ្រាលជ្រៅ និងជាយុទ្ធសាស្ដ្រគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់នីតិកាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា ឈរលើទិសស្លោកនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវការធ្វើកំណែទម្រង់លើគ្រប់វិស័យទាំងអស់ ហើយក៏នៅតែជាស្នួល នៃកម្មវិធីនយោបាយទាំងអស់ ពោលមិនមែនដោយសារសង្គ្រាមកម្ពុជា-ថៃ ទើបធ្វើឲ្យរាជរដ្ឋាភិបាល ចាប់ផ្ដើមការកំណែទម្រង់នោះឡើយ។

លោកអ្នកនាំពាក្យរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានធ្វើការងារច្រើនណាស់រាប់មិនអស់ តាំងពីការស្វះស្វែងរកសន្ដិភាព ការអភិវឌ្ឍប្រទេសឲ្យរីកលូតលាស់គ្រប់វិស័យ ការពង្រឹងខ្លួនឯងឲ្យកសាងសមត្ថភាពធនធានមនុស្ស ពង្រឹងផ្នែកថវិកាជាដើម សុទ្ធតែជាចំណែកធ្វើឲ្យខ្មែររឹងមាំ ឈរលើកម្លាំងខ្លួនឯង ហើយមិនត្រឹមសង្គ្រាមខ្មែរថៃទេនេះ […] កំណែទម្រង់នៅតែជាស្នួល គ្រប់កម្មវិធីនយោបាយទាំងអស់តាំងពីសម្ដេចតេជោ រហូតមកដល់សម្ដេចធិបតី។ កែទម្រង់រស់ មិនកែទម្រង់ស្លាប់ នៃជាពាក្យសម្ដេចតេជោ ហើយបន្ដមកដល់សម្ដេចធិបតី»។

ជាមួយគ្នានេះ លោកអ្នកនាំពាក្យ បានអះអាងថា រាជរដ្ឋាភិបាលបើកចំហរទទួលយកនូវមតិយោបល់ផ្សេងៗរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជាធាតុចូលក្នុងការកែលម្អ ប៉ុន្ដែសុំអ្នកវិភាគទាំងឡាយលើកឡើងនូវមតិយោបល់ ក្នុងន័យជួយកែលម្អស្ថាបនា ដើម្បីឲ្យខ្មែរខ្លាំង។ ចំណែកមតិយោបល់មួយចំនួន ដែលលើកឡើងគ្រាន់តែជាការញុះញង់ បំផ្លើសបំផ្លៃបំបែកបំបាក់នោះ មិនមែនជាប្រយោជន៍សម្រាប់ធាតុចូលឡើយ។

បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានផ្ញើសារទៅកាន់អ្នកវិភាគទាំងឡាយ នៅពេលលើកបញ្ហាត្រូវលើកឲ្យចំ និងឆ្លុះបញ្ចាំងអ្វីដែលជាការពិត៕

ដោយ៖តារា


ចែករំលែក៖