ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរកឃើញថា បុគ្គលរូបនេះ បានលួចលាក់ទុកវត្ថុតាងគ្រឿងញៀនចំនួន០៣កញ្ចប់ធំ គឺប្រហែល៣គីឡូក្រាម ក្នុងអំឡុងពេលកើតហេតុបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនៅលើដងទន្លេមេគង្គ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មាន ឈ្មោះ ឡេង ណាត អាយុ៤២ឆ្នាំ មុខរបរ (នេសាទត្រ៏) រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថឱ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថាន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនដ៏ធំមួយនៅចំណុចកន្ទុយកោះហឹប ឃុំអូរស្វាយ។ នៅពេលនោះទូកដឹកគ្រឿងញៀនចំនួន០២ការ៉ុង របស់ជនសង្ស័យបានទៅបុកជាមួយទូកអ្នកនេសាទ ហើយជនល្មើសក៏បានរត់គេចខ្លួនបាត់ស្រមោលអស់ ដោយបន្សល់ទុកទូកនិងវត្ថុតាងគ្រឿងញៀនជាច្រើន ។
ទោះជាយ៉ាងណា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា វត្ថុតាងអាចនឹងមានការប៉ះពាល់ឬបាត់បង់ដោយសារមានមនុស្សក្រៅចូលទៅជិត។ ប៉ុន្តែក្រោយការសាកសួរស្រាវជ្រាវជុំវិញក្រុមអ្នក នេសាទនៅកន្លែងកើតហេតុទើបធ្លាយតម្រុយថា ឈ្មោះ ឡេង ណាត បានលួចយកគ្រឿងញៀនមួយចំនួនចេញពីទូកនោះ ។ សមត្ថកិច្ចបានបន្តនីតិវិធីឈានទៅឆែកឆេររហូតរកឃើញគ្រឿងញៀនចំនួន០៣កញ្ចប់ធំ ដែលជននេះលាក់ទុក និងឈានដល់ឃាត់ខ្លួនជនសង្ស័យនេះតែម្តង ។
សូមបញ្ជាក់ថា នៅក្នុងការពិនិត្យនិងថ្លឹងវត្ថុតាងជាផ្លូវការ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការ វត្ថុតាងបង្ក្រាបដំបូង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៣៧កញ្ចប់ធំ
(ទម្ងន់សរុប ៣៧,៧១១.៧ក្រាម ឬជិត ៣៨គីឡូក្រាម) ។
វត្ថុតាងដកហូតបន្ថែមពីជនសង្ស័យលួច ឈ្មោះ ឡេង ណាត នេះមាន៣កញ្ចប់ធំ គឺប្រហែល៣ គីឡូក្រាម ។ សរុបរួមគ្រឿងញៀនកើនឡើងដល់៤០កញ្ចប់ធំ គឺប្រហែល៤០គីឡូក្រាម។
បច្ចុប្បន្ន បុគ្គលជនសង្ស័យឈ្មោះ ឡេង ណាត រួមទាំងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់និងកំពុងបន្តប្រមាញ់ស្វែងរកចាប់ខ្លួនមេខ្លោងនិងបក្សពួក ដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសបន្តទៀត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច