តារាចម្រៀងប៉ុបល្បីលំដាប់ពិភពលោក Madonna បានចេញអាល់ប៊ុមស្ទូឌីយោទី 15 របស់ខ្លួនមានចំណងជើង “Confessions II” កាលពីថ្ងៃសុក្រ ដែលជាវគ្គបន្តនៃអាល់ប៊ុម “Confessions on a Dancefloor” ឆ្នាំ 2005 ហើយទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នករិះគន់ ដោយមនុស្សជាច្រើនចាត់ទុកថា វាជាអាល់ប៊ុមល្អបំផុតរបស់នាងក្នុងរយៈពេលជាង 20 ឆ្នាំចុងក្រោយ។
Madonna បានសហការជាថ្មីជាមួយ Stuart Price ដែលជាសហផលិតករ និងសហនិពន្ធបទចម្រៀងនៃអាល់ប៊ុមដើម ដើម្បីផលិតអាល់ប៊ុម Dance-Pop ថ្មីនេះ ដែលមានសរុប 16 បទ។
ក្រៅពីនោះ អាល់ប៊ុមនេះក៏មានការចូលរួមពីផលិតករល្បីៗដូចជា Martin Garrix, Cirkut និង Andrew Watt ព្រមទាំងមានភ្ញៀវកិត្តិយសរួមច្រៀងដូចជា Sabrina Carpenter, Stromae និងកូនស្រីរបស់ Madonna គឺ Lola Leon ផងដែរ។
ជាមួយនឹងការចេញអាល់ប៊ុមនេះ Madonna ក៏បានបញ្ចេញភាពយន្តតន្ត្រីរយៈពេល 10 នាទី មានចំណងជើង “Confessions II – The Film” ដែលដឹកនាំដោយ TORSO។
“Confessions II” គឺជាអាល់ប៊ុមស្ទូឌីយោដំបូងរបស់ Madonna ចាប់តាំងពី “Madame X” ក្នុងឆ្នាំ 2019 ហើយក៏ជាការវិលត្រឡប់របស់នាងមកកាន់ផលិតកម្ម Warner Records វិញផងដែរ។
សារព័ត៌មានល្បីៗដូចជា Rolling Stone, Variety និង The Guardian សុទ្ធតែបានចាត់ទុកថា នេះគឺជាអាល់ប៊ុមល្អបំផុតរបស់ Madonna ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។
បច្ចុប្បន្ន Madonna មានវ័យ 67 ឆ្នាំ។ នាងចាប់ផ្តើមល្បីល្បាញនៅដើមទសវត្សរ៍ឆ្នាំ 1980 តាមរយៈបទចម្រៀងល្បីៗដូចជា “Holiday” និង “Like a Virgin”។ ដោយសារស្ទីលប្លែក និងការហ៊ានបំបែកក្បួនប្រពៃណីក្នុងវិស័យតន្ត្រី Madonna បានក្លាយជាឥទ្ធិពលដ៏ធំមួយសម្រាប់សិល្បករជាច្រើនជំនាន់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច