ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីវាយតេន្នីសហ្វីលីពីនEala ធ្វើព្យុះភ្លៀងយ៉ាងខ្លាំងនៅកម្មវិធី Wimbledon 2026

ចែករំលែក៖

កីឡាការិនីវាយតេន្នីសហ្វីលីពីន Alexandra Eala បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទម្លាក់ម្ចាស់ជើងឯកការពារតំណែង Iga Swiatek ចេញពីការប្រកួត 2026 Wimbledon Championships ក្នុងជុំទី៣ កាលពីថ្ងៃសៅរ៍។ ខណៈនោះ Serena Williams បានប្រកាសដកខ្លួនចេញពីការប្រកួតវាយគូ ដោយសារមានអារម្មណ៍សោកស្តាយ និងខកចិត្ត។

ចំណែកកីឡាការិនីលេខ២ពិភពលោក Elena Rybakina ក៏បានធ្លាក់ចេញពីការប្រកួតផងដែរ ដែលធ្វើឱ្យផ្នែកខាងក្រោមនៃតារាងការប្រកួតឯកត្តជននារី បើកចំហយ៉ាងខ្លាំង។

Eala ដែលជាកីឡាការិនីលំដាប់ទី២៩ បានយកឈ្នះ Swiatek ក្នុងលទ្ធផល 7-6 (11-9), 6-2 នៅលើទីលាន Centre Court ដើម្បីឡើងទៅកាន់វគ្គ 16 នាក់ចុងក្រោយ នៃការប្រកួត Grand Slam ជាលើកដំបូងក្នុងអាជីពរបស់នាង។

នេះក៏ជាការធ្លាក់ចេញដំបូងបំផុតរបស់ Swiatek នៅក្នុងព្រឹត្តិការណ៍ Grand Slam ចាប់តាំងពីនាងធ្លាក់ក្នុងជុំទី៣នៅ Wimbledon កាលពីពីរឆ្នាំមុន ក្រោមថ្វីដៃរបស់ Yulia Putintseva។

មុននេះ Eala បានបង្កើតប្រវត្តិសាស្ត្ររួចហើយ ដោយក្លាយជាកីឡាការិនីដំបូងពីប្រទេស ហ្វីលីពីន ដែលអាចឡើងដល់ជុំទី៣នៃ Grand Slam ក្នុងយុគសម័យ Open Era។

Eala បាននិយាយទាំងរំភើបថា៖

«ខ្ញុំពិតជារំភើបខ្លាំងណាស់។ សម្រាប់កីឡាការិនីដូចជា Iga ដែលឈ្នះ Grand Slam ជាច្រើន ឬ Serena និង Venus ប្រហែលជាសមិទ្ធផលនេះមើលទៅមិនធំដុំទេ។ ប៉ុន្តែសម្រាប់ក្មេងស្រីម្នាក់ដែលធំឡើងនៅហ្វីលីពីន ខ្ញុំហ្វឹកហាត់ជាមួយម្ដាយ និងជីតារបស់ខ្ញុំរាល់ថ្ងៃបន្ទាប់ពីចេញពីសាលា ដូច្នេះសមិទ្ធផលនេះមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំ»។

នៅវគ្គ 16 នាក់ចុងក្រោយ Eala នឹងជួបជាមួយអតីតជើងឯករង Wimbledon នាង Jasmine Paolini នៅថ្ងៃចន្ទ។

សម្រាប់ Swiatek វ័យ 25 ឆ្នាំ នាងមិនអាចស្ដារទម្រង់លេងបានឡើយ បន្ទាប់ពីធ្លាក់ក្នុងវគ្គ 16 នាក់ចុងក្រោយនៃ French Open ដែលជាការប្រកួតដែលនាងធ្លាប់ឈ្នះជើងឯកចំនួន 4 លើក។

ក្នុងការប្រកួតនេះ Swiatek បានវាយបាល់ខុសដោយខ្លួនឯងដល់ទៅ 44 លើក ហើយបរាជ័យក្នុងការប្រើប្រាស់ឱកាស Set Point ពីរលើក នៅក្នុងការប្រកួត Tie-break ដ៏ស្វិតស្វាញ ដែលចំណាយពេលរហូតដល់ 84 នាទី។

Swiatek បានទទួលស្គាល់ក្រោយការប្រកួតថា៖ «ខ្ញុំគិតថា Alexandra មានភាពក្លាហានជាងខ្ញុំនៅក្នុងពេលវេលាសំខាន់ៗនៃការប្រកួត»៕


ចែករំលែក៖