ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីសុវត្ថិភាព មេដឹកនាំថ្មីអ៊ីរ៉ង់ Mojtaba មិនបានបង្ហាញខ្លួនក្នុងពិធីបុណ្យសពឪពុក 

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ កូនប្រុសចំនួន ៣នាក់របស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Khamenei បានអធិស្ឋាននៅក្បែរមឈូសរបស់លោកឪពុក និងមឈូសរបស់សមាជិកគ្រួសារ ៤នាក់ផ្សេងទៀត ប៉ុន្តែកូនប្រុសម្នាក់ទៀតដែលបន្តវេនជាមេដឹកនាំកំពូលអ៉ីរ៉ង់សព្វថ្ងៃ គឺលោក Mojtaba Khamenei មិនបានបង្ហាញខ្លួនទេ។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានឱ្យឃេីញលោក Mostafa លោក Meysam និងលោក Masoud Khamenei កំពុងអធិស្ឋាននៅពីក្រោយមឈូសដែលដាក់នៅក្នុងទីធ្លាដ៏ធំល្វឹងល្វើយនៃ Imam Khomeini Grand Mosalla ក្នុងទីក្រុងតេហេរ៉ង់ ដែលជាអគារសាសនាដ៏ធំទូលាយមួយ។

បន្ទាប់ពីតម្កល់ទុកក្នុងអគាររយៈពេលមួយថ្ងៃ ដើម្បីឱ្យមេដឹកនាំជាន់ខ្ពស់របស់អ៉ីរ៉ង់ និងមន្ត្រីបរទេសចូលគោរពវិញ្ញាណក្ខន្ធនោះ នៅថ្ងៃសៅរ៍ មឈូសរបស់លោក Khamenei ត្រូវបានគេយកមកដាក់នៅទីវាលក្នុងទូកញ្ចក់ រួមជាមួយមឈូសកូនស្រី កូនប្រសាប្រុស កូនប្រសាស្រី និងចៅស្រីវ័យ ១៤ខែរបស់លោក។ រហូតមកដល់ពេលនេះ មិនទាន់មានការបង្ហោះជាសាធារណៈ ឬរូបភាពណាមួយនៃមេដឹកនាំកំពូលបច្ចុប្បន្ន គឺលោក Mojtaba ដែលត្រូវបានគេនិយាយថា បានរងរបួសក្នុងការវាយប្រហារដែលសម្លាប់ឪពុករបស់លោក និងសមាជិកគ្រួសារផ្សេងទៀត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ពេលដែលអ៉ីស្រាអែលនិងសហរដ្ឋអាមេរិកបំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់នៅឡេីយទេ។

នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian និងប្រធានសភា លោក Mohammad Baqer Qalibaf បានអធិស្ឋាននៅពីក្រោយមឈូស។ លោក Masoud Khamenei ត្រូវបានគេឃើញយំ និងជូតទឹកភ្នែករបស់គាត់ជាមួយនឹងក្រមា keffiyeh ដែលជានិមិត្តរូបនៅក្នុងប្រទេសអ៉ីរ៉ង់ តំណាងឱ្យឧត្តមគតិបដិវត្តន៍សកម្មប្រយុទ្ធ និងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។

ប្រជាជនអ៉ីរ៉ង់ជាច្រេីនដែលភាគច្រើនកំពុងយំសោក និងខ្លះទៀតគក់ទ្រូង បានប្រមូលផ្តុំគ្នានៅ Mosalla រួមទាំងពេញមួយយប់ផងដែរ។ បណ្តាញផ្លូវដែកអ៉ីរ៉ង់ ថាខ្លួនបានធ្វើដំណើរចំនួន ៧លានដងចាប់ពីយប់ថ្ងៃសៅរ៍ដល់ព្រឹកថ្ងៃអាទិត្យ ខណៈដែលមនុស្សបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតេហេរ៉ង់។

តាមអ្វីដែលអាជ្ញាធរអ៉ីរ៉ង់ កំពុងប្រកាស នឹងមានការក្បួនដង្ហែដ៏ធំមួយនៅកណ្តាលទីក្រុងតេហេរ៉ង់ នៅថ្ងៃចន្ទ ហេីយនឹងត្រូវយកទៅទីក្រុង Qom សម្រាប់ពិធីបុណ្យសពនៅថ្ងៃអង្គារ។ ពីទីក្រុងនោះ សាកសពនឹងត្រូវដឹកតាមយន្តហោះទៅកាន់ប្រទេសអ៉ីរ៉ាក់សម្រាប់ពិធីនៅក្នុងទីក្រុង Najaf និង Kerbala ដែលជាទីសក្ការៈបូជារបស់អ្នកកាន់សាសនាឥស្លាមនិកាយស៉ីអីដនៅថ្ងៃពុធ។ សាកសពនឹងត្រឡប់ទៅប្រទេសអ៉ីរ៉ង់វិញនៅថ្ងៃព្រហស្បតិ៍សម្រាប់ក្បួនដង្ហែមួយផ្សេងទៀតនៅទីក្រុង Mashhad ដើម្បីបញ្ចុះនៅជិតផ្នូររបស់អតីតមេដឹកនាំឥស្លាមស៊ីអ៉ីដសម័យកណ្តាល៕


ចែករំលែក៖