ភ្នំពេញ:អតីតសង្ឃមួយអង្គគង់នៅវត្តសោថាណារាម ក្នុងស្រុកព្រែកកប្បាស ខេត្តតាកែវ ត្រូវបាននាំខ្លួនពីពន្ធនាគារខេត្តតាកែវ មកតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ដើម្បីកាត់ទោសករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ ។
ជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម អាយុ៣៣ឆ្នាំ ត្រូវបានសាលាដំបូងខេត្តតាកែវនិងសាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ ប្រព្រឹត្តនៅវត្តសោថាណារាម ភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រែកកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ។ ប៉ុន្ដែការសម្រេចនេះ ត្រូវបានជនជាប់ចោទប្តឹងឧទ្ធរណ៍ ។
ពាក់ព័ន្ធករណីនេះ ម្តាយក្មេងស្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា កូនស្រី ត្រូវបានឪពុកម្ដាយនាំទៅកាន់ វត្ដសោថាណារ៉ាម ដើម្បីឱ្យព្រះសង្ឃអង្គនេះស្ដោះផ្លុំ ព្រោះ សង្ស័យថា ត្រូវអំពើរបស់គេ ។ ពេលទៅ ដល់វត្ដ ព្រះសង្ឃបានហៅកូនស្រី ចូលទៅកុដិ ដោយមានជញ្ជាំងបិទជិត ខណៈ ដែលឪពុកម្ដាយរបស់នាងនៅខាងក្រៅ ។
នៅពេលដែលធ្វើសកម្មភាពចាប់រំលោភបានសម្រេចរួចហើយនោះ កូនស្រីបាន ដើរចេញពីកុដិវិញ ពេលនោះឪពុកម្ដាយរបស់ នាង បានឃើញឈាមហូរតាមជើង ។ ប៉ុន្ដែមុនដំបូងមិនចាប់អារម្មណ៍នោះឡើយ ដោយ សង្ស័យថា អាចធ្លាក់រដូវ ។ លុះពេលនាំទៅ ដល់ផ្ទះ ឈាមនៅតែបន្ដ ធ្លាក់មិនឈប់ ទើបឪពុកម្ដាយបាននាំទៅ ឱ្យពេទ្យពិនិត្យមើល ទើបដឹងថា ប្រដាប់ ភេទរបស់នាងដាច់រលាត់ ព្រោះតែការចាប់ រំលោភពីព្រះសង្ឃអង្គនេះ ។
ដោយឡែក ក្មេងស្រីរងគ្រោះ បាននិយាយថា ពេលចូលទៅដល់កុដិព្រះ សង្ឃអង្គនេះបានយកធូប ៣សរសៃ មកស្ដោះ ផ្លុំនិងចាក់នៅលើដើមទ្រូង ក្បាលពោះនិង នៅលើប្រដាប់ភេទ រួចក៏ធ្វើសកម្មភាពរំលោភ និងប្រើអណ្ដាតទៀតផង ។
ក្រោយចេញពីបន្ទប់សវនាការ ក្មេងស្រីរងគ្រោះយំឡើងញ័រឱបម្តាយ ដោយនិយាយថា ខ្លាចព្រះសង្ឃអង្គនេះ ។
ទោះបីយ៉ាងណា ជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម បានបដិសេធថា ខ្លួនពុំបានចាប់រំលោភសេពសន្ថវៈ ដូចការចោទប្រកាន់នោះទេ ។
ក្រោយការសួរដេញដោល លោកចៅក្រម សឹង បញ្ញាវុឌ្ឈ បានលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះវិញ ៕ ចេស្តា