ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពង្រឹងកិច្ចការពារ អភិរក្សនិងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានាពិសេសនៅតំបន់ការពារព្រៃឡង់

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជនដោយសម្តេចបានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកជីវិតមកការពារជាតិមាតុភូមិ។ ដូច្នេះត្រូវតបស្នងសងគុណដល់ពួកគាត់តាមរយៈយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគាត់ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។

បន្ថែមពីនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ចំពោះគ្រូបង្រៀន និងមន្ត្រីអប់រំដែលចូលនិវត្តន៍ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ព្រោះគ្រូបង្រៀនក៏មានសមាគមគ្រូបង្រៀនដែរ។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងៗសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណាមួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ពិសេសតំបន់ការពារព្រៃឡង់ ក្នុងខេត្តទាំង៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ និងចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស ហើយសម្តេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោក៏បានបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន និងត្រូវធ្វើជាមន្ត្រីជើងពីរ មិនត្រូវធ្វើជាមន្ត្រីជើងដប់នោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖