ខេត្តបាត់ដំបង ៖ ក្រមចោរហាររយដែលគេសម្គាល់ឃឃើញថា បែកចេញពីសំបុកក្រុមក្មេងទំនើង ហើយអាចជាមុខសញ្ញាដដែលៗ បានធ្វើសកម្មភាពលួចមិនរើស មុខ ឬ រាល់ទ្រព្យសម្បត្តិផ្សេងៗ ដែលទុកនៅក្នុងតូប ឬ ខាងមុខតូប ឬ នៅខាងមុខផ្ទះសម្បែងប្រជាពលរដ្ឋនានា ដែលជាការបង្ករអសន្តិសុខស្ទើររាល់យប់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកបាណន់ ខណៈដែលក្រុមចោរហាររយទាំងនោះ មិនទាន់ត្រូវបានសមត្ថកិច្ចបង្ក្រាប។
ជាក់ស្ដែង នៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៥ កក្កដា នៅចំណុចភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ពួកចោរមួយក្រុមប្រដាប់ដោយដែកបំពង់ទីបគ្រប់ដៃ បានដើរចូលយ៉ាងគឃ្លើនទៅកាន់តូបលក់ដូរមួយកន្លែង។
ពួកគេបាន ព្យាយាមលើកយកធុងក្លាស្សេដ័ធំមួយ ដែលម្ចាស់ទុកនៅខាងមុខតូបលក់ដូរ ប៉ុន្តែលើកមិនរួចក៏ទុកចោល ហើយនាំគ្នាដើរទៅឡើងជិះម៉ូតូចាកចេញដោយមិនរំខានដល់សមត្ថកិច្ចសូម្បីបន្តិច។
មិនតែប៉ុណ្ណោះ ពួកចោរមួយហ្វូងនេះ ថែមទាំងជិះម៉ូតូអូសដែកបំពង់ទីបបែកផ្កាភ្លើងព្រាតពេញលើដងផ្លូវកណ្ដាលអាធ្រាត្រទៀតផង។
នេះបើតាមជនរងគ្រោះ និង អ្នកភូមិដែលបានឃើញពីសកម្មភាពក្រុមចោរហាររយនោះ។ ម្ចាស់តូបលក់ដូរ និង ជាជនរងគ្រោះ ឈ្មោះ គង់ ផារ៉ាត់ ភេទស្រី អាយុ៣៥ឆ្នាំ និយាយថា នៅក្នុងយប់នោះ មុនពេលកើតហេតុ អ្នកស្រី បានភ្ញាក់ពីដំណេក ហើយបានឮសំឡេងម៉ូតូប្រហែល១០គ្រឿងជិះប្រដេញគ្នា ពីទិសខាងកើតឆ្ពោះទៅលិច ជាមួយនឹងសំឡេងជិះអូសដាវ ឬ ដែកបែកផ្ការភ្លើងពេញថ្នល់ តែអ្នកស្រីមិនដឹងថា ជានរណាទេ ព្រោះតាមមើលមិនទាន់។
លុះបន្តិចក្រោយមក គាត់បានឮសំឡេងម៉ូតូប្រហែល០២ទៅ០៣គ្រឿង ជិះត្រឡប់មកវិញ តែមិនអូសដាវ ឬ ដែកទេ។ គាត់បានតាមលបមើលតាមចន្លោះទ្វារផ្ទះ ស្រាប់តែឃើញក្រុមនោះឈប់នៅខាងមុខតូបគាត់ ហើយឃើញម្នាក់អង្គុយលើម៉ូតូ រីឯចំនួន០៣នាក់ចុះដើរមកព្យាយាមលើកយកធុងក្លាស្សេគាត់ តែលើកមិនរួចព្រោះមានគ្រឿងកំប៉ុងច្រើនពេក ក្នុងនោះមានស្រាបៀរផង។
អ្នកស្រី ភង់ ផារ៉ាត់ បានបញ្ជាក់ថា ជន០៣នាក់ដែលដើរចូលបំរុងលួចធុងក្លាស្សេ សុទ្ធតែមានកាន់ដែកបំពង់ទីបក្នុងដៃ ហើយដែកនោះមានភ្ជាប់កាំបិតប៉័ងតោនៅខាងចុងផង។
ពួកវាបម្រុងលើកយកធុងក្លាស្សេនោះ តែលើកមិនរួច ព្រោះធ្ងន់ ហើយជាប់ច្រវ៉ាក់នឹងសរសរទៀត។ គាត់បានបន្ថែមថា នៅក្នុងធុងក្លាស្សេដ៏ធំនោះ ទាំងគ្រឿងភេសជ្ជៈ និង ស្រាបៀរ យ៉ាងតិច១០កេះ។ ដោយលួចមិនបានសម្រេច ពួកវាក៏នាំគ្នាដើរទៅឡើងជិះម៉ូតូវិញ ឆ្ពោះទៅទិសខាងលិច (ទៅខាងភ្នំសំពៅ) បាត់ទៅ។
បើតាមអ្នកស្រី គង់ ផារ៉ាត់ បានបញ្ជាក់ដែរថា កាលពីអំឡុងខែឧសភា កន្លងទៅ ក្រុមចោរហាររយនេះ ធ្លាប់មកលួចកាប់ធុងក្លាស្សេគាត់ម្ដងហើយ ដើម្បីលួចយកគ្រឿងកំប៉ុងនៅក្នុងនោះ តែកាប់មិនដាច់ ហើយក៏ចេញបាត់ទៅ។ ដោយសារតែធ្លាប់រងរបួសផ្លូវអារម្មណ៏ម្ដងបែបនេះហើយ ទើបអ្នកស្រីសម្រេចបំពាក់កាមេរ៉ាសុត្ថិភាព ដើម្បីរង់ចាំមើលមុខចោរ ទីបំផុតក្រុម១ហ្វូងនេះវិលត្រឡប់មកឲ្យគាត់ឃើញមុខមែន តែសំណាងល្អពួកវាលើកធុងក្លាស្សេមិនរួច កុំអីអស់ស្របៀរមួយធុង។
អ្នកភូមិដែលបានប្រទះឃើញសកម្មភាពក្រុមចោរមួយហ្វូងជីះម៉ូតូអូសដាវ ឬ អូសដែកបំពង់ទីបខាងលើនេះ បាននិយាយថា គេពិតជាបានឃើញពួកជនអន្ធបាលមួយក្រុម ជិះម៉ូតូអូសដាវ ឬ អូសដែកបំពង់ទីប តាម ផ្លូវថ្នល់កាត់តាមភូមិបបុះ ឆ្ពោះទៅកាន់ឃុំភ្នំសំពៅ ទាំងកណ្ដាលអាធ្រាត្រមែន។
លុះព្រឹកឡើងស្រាប់តែឮគេនិយាយពេញភូមិថា ក្រុមជិះម៉ូតូអូសដាវ ឬ ដែកបំពង់ទីបនោះ បានចូលលួចយកធុងក្លាស្សេនៅខាងតូបលក់ដូរគេក្នុងភូមិ តែលួចមិនបានសម្រេច។
អធិការស្រុកបាណន់ លោក ហេង បារាំង បានប្រាប់តាមទូរស័ព្ទថា ក្រោយទទូលបានព័ត៏មាននេះ មន្ត្រីជំនាញរបស់លោក សហការជាមួយមន្ត្រីប៉ុស្ដ៏ិ៍រដ្ឋបាល បានចុះទៅកាន់កន្លែងកើតហេតុហើយ ដើម្បីសួរនាំ។ ពេលនេះមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រារ ប៉ុន្តែមិនទាន់ច្បាស់ លាស់ពីមុខសញ្ញាក្រុមជនសង្ស័យនៅឡើយទេ។
ចំពោះអំពើ«ចោរកម្ម» ដែលបានកើតឡើងស្រដៀងៗគ្នាដដែលៗនេះ បើតាមអ្នកភូមិបានរំលឹកពីប្រវត្តិ នៃក្រុមចោរហាររយ ដែលតែងបង្កអសន្តិសុខនៅក្នុងមូលដ្ឋានដដែលៗ រហូតដល់សព្វថ្ងៃនេះ ពួកគេបាននិយាយថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមចោរធ្វើសកម្មភាពលួចបែបច្រំដែលៗនេះ ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិ។
ក្រុមចោរដែលមានសមាសភាពដូចក្រុមក្មេងទំនើងខាងលើនេះ តែងធ្វើសកម្មភាពលួច របស់របរ ឬ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ស្ទើរគ្រប់ទិសទី ក្នុងភូមិសាស្ត្រស្រុកបាណន់ ដែលជាការបង្កអសន្តិសុខយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជារឿងដដែលៗ តែសមត្ថកិច្ចមិនអាចស្រាវជ្រាវតាមចាប់ជនល្មើសបាន។
កាលពីប៉ុន្មានខែមុននេះ ក្រុមចោរ ដែលមានភិនភាគស្រដៀងគ្នានេះ បានលួចយកធុងក្លាស្សេអ្នកលក់ដូរនៅ ភូមិ ឃុំ ខាងលើនេះម្ដងហើយ។ នៅក្នុងធុងក្លាស្សេមានគ្រឿងកំប៉ុង ដូចជាទឹកសុទ្ធ ទឹកផ្លែឈើ និង ស្រាបៀរជាច្រើនផង។ ពួកគេវាបានដឹកយកទៅផឹកអស់គ្មានសល់ រួចផ្លុងធុងក្លាស្សេចោលនៅក្បែរភ្លឺទុកឲ្យម្ចាស់វិញ។
ក្រោយមកទៀត ក្រុមចោរស្រដៀងៗគ្នានេះ បានវាយកញ្ចក់ទូរលក់គ្រឿងម្ជួរ និង គ្រឿងប្រហិត លួចយកទៅអសគ្មានសល់ទៀត នៅខាងមុខផ្លូវចូលប្រាសាទបាណន់។ ប៉ុន្តែសមត្ថកិច្ចស្រុកនេះ នៅតែគ្មានលទ្ធភាពទប់ ស្កាត់ ឬ ធ្វើការស្រាវជ្រាវបង្ក្រាបបានម្នាក់ណាឡើយ រហូតមកទល់នឹងពេលនេះ ក្រុមចោរហាររយនេះ នៅតែធ្វើសកម្មភាពយ៉ាងគគ្លើនដដែល។ ជុំវិញអំពើចោរកម្មយ៉ាងកក្រើកស្រុកបាណន់ រហូតមកដល់ពេលនេះ បើតាម លោក ឈឿង គឹមសុង ស្នងការរង ទទូលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា លោកមិនធ្លាប់ទទូលបានរបាយការណ៏ស្ដីពីបទល្មើស«ចោរកម្ម» ដូចខាងលើនេះម្ដងណាទេពីខាងអធិការស្រុកបាណន់។
សូម្បីតែករណីក្រុមជនសង្ស័យមួយក្រុមនាំគ្នាចូលលួចធុងក្លាស្សេខាងលើនេះ ក៏ខាងអធិការស្រុកបាណន់ មិនបានរាយការណ៏ទៅកាន់មន្ត្រីការិយាល័យបានដឹងដែរ។ លោកស្នងការរង បានរំលឺកដែរថា កន្លងមកពេលប្រជុំប្រចាំខែម្ដងៗ លោកស្នងការខេត្ត បានចេញបទបញ្ជា
ជម្រុញ និង ដាក់ផែនការច្បាស់លាស់ ឲ្យតាមបណ្ដាអធិការនានា ត្រូវចុះពង្រឹងសន្តិសុខ ទប់ស្កាតបទល្មើស តាមដានរាល់សកម្មមុខសញ្ញាជនសង្ស័យដែលប្រព្រឹត្តបទល្មើស ដើម្បីឈានដល់ការបង្ក្រាប ។ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីតាមបណ្ដាស្រុកមួយចំនួន ហាក់ធ្វើមិនដឹង មិន ឮ រហូតតាមអធិការខ្លះ ព្យាយាមលាក់បាំងបទល្មើស មិនព្រមរាយការណ៏ជូនថ្នាក់លើ ឬ ធ្វើរបាយការណ៏ទៅការិយាល័យជំនាញទេ។ ជាក់ស្ដែងដូចបទល្មើស នៅស្រុកបាណន់នេះ កើតឡើងជាបន្តបន្ទាប់ តែមន្ត្រីជំនាញ គ្មានរបាយការណ៍ជូនថ្នាក់លើទេ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច