ព័ត៌មានទាន់ហេតុការណ៍៖

Oliver Glasner ក្លាយជាគ្រូបង្វឹកថ្មីរបស់ Nottingham Forest ក្រោយជោគជ័យជាមួយ Crystal Palace

ចែករំលែក៖

ក្លឹប Nottingham Forest បានប្រកាសតែងតាំង លោក Oliver Glasner ជាគ្រូបង្វឹកថ្មីកាលពីថ្ងៃចន្ទ ដោយជំនួស លោក Vítor Pereira បន្ទាប់ពីក្លឹបបានផ្លាស់ប្តូរគ្រូបង្វឹកជាបន្តបន្ទាប់ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។

គ្រូបង្វឹកជនជាតិអូទ្រីសវ័យ ៥១ ឆ្នាំ រូបនេះ បានក្លាយជាអ្នកគ្មានក្លឹបដឹកនាំក្រោយបញ្ចប់អាណត្តិដ៏ជោគជ័យជាមួយ Crystal Palace ដែលក្នុងនោះលោកបានដឹកនាំក្រុមឈ្នះទាំង FA Cup និង UEFA Conference League។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក Nottingham Forest បានផ្លាស់ប្តូរគ្រូបង្វឹកយ៉ាងញឹកញាប់៖

Nuno Espírito Santo ត្រូវបានបណ្តេញចេញនៅខែកញ្ញា ឆ្នាំ២០២៥។

Ange Postecoglou ដឹកនាំបានត្រឹម ៣៩ ថ្ងៃ មុនត្រូវបញ្ចប់តំណែងនៅខែតុលា។

Sean Dyche ត្រូវបានបណ្តេញចេញនៅខែកុម្ភៈ ក្រោយកាន់តំណែងបាន ១១៤ ថ្ងៃ។

បន្ទាប់មក Vítor Pereira ចូលកាន់តំណែង។

ជាមួយនឹងការផ្លាស់ប្តូរនេះ Forest បានក្លាយជាក្លឹបដំបូងក្នុងប្រវត្តិសាស្ត្រ Premier League ដែលមានគ្រូបង្វឹកអចិន្ត្រៃយ៍ ៤ នាក់ក្នុងមួយរដូវកាល។

ទោះបីដឹកនាំ Crystal Palace ឈ្នះពានរង្វាន់ក៏ដោយ Glasner បានសម្រេចមិនបន្តកិច្ចសន្យានៅ Selhurst Park ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅអឺរ៉ុប។

Glasner បាននិយាយថា៖ «ខ្ញុំមើលឃើញយ៉ាងច្បាស់ថា ក្លឹបនេះមានចក្ខុវិស័យច្បាស់លាស់ ហើយមានការជឿទុកចិត្តពេញលេញលើខ្ញុំ និងក្រុមការងារ ដើម្បីកសាងអនាគតដ៏រឹងមាំជាមួយគ្នាក្នុងរយៈពេលវែង»។

អតីតគ្រូបង្វឹក Eintracht Frankfurt រូបនេះ នឹងដឹកនាំក្រុមដែលមានកីឡាករឆ្នើមដូចជា Morgan Gibbs-White, Callum Hudson-Odoi និង Chris Wood។

ទោះជាយ៉ាងណា លោកនឹងមិនអាចប្រើប្រាស់ Elliot Anderson បានទេ បន្ទាប់ពីខ្សែបម្រើរូបនេះបានផ្ទេរទៅ Manchester City កាលពីសប្តាហ៍មុនក្នុងតម្លៃ ១១៦ លានផោន (ប្រមាណ ១៥៥ លានដុល្លារ) ដែលត្រូវបានរាយការណ៍ថាជាតម្លៃផ្ទេរខ្ពស់បំផុតមិនធ្លាប់មានសម្រាប់កីឡាករជនជាតិអង់គ្លេស។

ម្ចាស់ក្លិប Evangelos Marinakis បាននិយាយថា៖ «Oliver គឺជាអ្នកឈ្នះពិតប្រាកដ។ គាត់ទទួលបានភាពជោគជ័យតាមរយៈភាពជាអ្នកដឹកនាំ បុគ្គលិកលក្ខណៈ និងរបៀបលេងបាល់ទាត់របស់ក្រុមដែលគាត់ដឹកនាំ»។

ការប្រកួតផ្លូវការលើកដំបូងរបស់ Glasner ជាមួយ Nottingham Forest នឹងធ្វើឡើងនៅខែសីហា ពេលក្រុមបើករដូវកាលថ្មីដោយទទួលស្វាគមន៍ Leeds United៕


ចែករំលែក៖