ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃនប់បង្រ្កាបអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សាដោយប្រើកាំបិតផ្គាក់ និងកាំបិតបុ័ងតោកាប់ប្លន់ម៉ូតូនៅឃុំទឹកថ្លា 

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលស្រុកព្រៃនប់បានឱ្យដឹងនៅថ្ងៃទី០៨ ខែកក្កដានេះថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣: ៣០នាទី នៅផ្លូវជាតិលេខ ៣ ស្ថិតនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ១ករណីលួចមានស្ថានទម្ងន់ទោសដោយ ប្រើហិង្សា (ប្រើកាំបិតផ្គាក់និងកាំបិត បុ័ងតោកាប់ប្លន់ម៉ូតូ)កើតឡើងបង្កដោយក្រុមជនសង្ស័យ៣នាក់។

ប្រភពបានឲ្យដឹងថា ក្រុមជួនសង្ស័យទាំងបីនាក់បានធ្វើសកម្មភាពប្រើកាំបិតផ្គាក់ដងឈើ និងកាំបិត បុ័ងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ សឿន កុសល ភេទ ប្រុស អាយុ២០ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅពេលជនរងគ្រោះកំពុងបើកបរម៉ូតូលើផ្លូវ ជាតិលេខ៣ ហើយត្រូវបានក្រុមជនសង្ស័យជិះម៉ូតូតាមកាប់ ត្រូវត្រង់មួកការពារ ប៉ុន្តែពុំត្រូវរបួសនោះទេ ហើយ ជនរងគ្រោះក៏បានផ្តួលម៉ូតូចោលហើយរត់គេចតែម្តង។

ក្រោយទទួលព័ត៍មាននេះភ្លាម ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដែលរួមមាន ៖

១-ឈ្មោះគ្រី វាដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

២-ឈ្មោះម៉ាត់ រ៉សាលិ ហៅ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

៣- ឈ្មោះចេក មាន ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានម៉ូតូ២គ្រឿង(០១គ្រឿងជារបស់ជនរងគ្រោះ និង១គ្រឿងទៀតជាម៉ូតូជិះធ្វើសកម្មភាព ) កាំបិតផ្គាក់ដងឈើមានប្រវែង១ម៉ែត្រ ចំនួន០១ ដើម ទូរស័ព្ទដៃចំនួន០២គ្រឿង ។

ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែក៖