ព័ត៌មានទាន់ហេតុការណ៍៖

បុរស​២​នាក់​​ស្នាក់​នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​ឈ្លោះ​​គ្នា​រឿង​លេងបៀរ រហូតផ្ទុះហិង្សា​ស្លាប់ម្នាក់​

ចែករំលែក៖

ភ្នំពេញ ៖ បុរស​២​នាក់​នាំ​គ្នា​មក​ស្នាក់​នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​សង្ស័យ​​ឈ្លោះ​គ្នា​រឿង​លេងបៀរ​ រហូត​កើតជា​ហិង្សា​យក​ដំបង​វាយ​គ្នា ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ​ចំណែក​​ម្នាក់​ជា​ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៩​ ខែកក្កដា ​ឆ្នាំ​២០២៦ នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ និង​ជនសង្ស័យ មិន​ត្រូវ​បានស្គាល់​អត្តសញ្ញាណ​នោះទេ​ គេ​សង្កេត​ឃើញ​ពួកគេ​ស្នាក់​នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ សង្ស័យ​ជា​ជនអនាថា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឲ្យដឹង​ថា ជនសង្ស័យ​និង​ជន​រង​គ្រោះ មិន​មាន​សាច់ញាតិ និង​ផ្ទះសំបែង​នោះ​ទេ ពួក​គេ​បាន​នាំ​គ្នា​មក​ស្នាក់​នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយជា​​កន្លែង​កើតហេតុ​ធ្វើ​ជា​ទី​ជម្រក ។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ គេ​បានឃើញ​ពួក​គេ​ទាំង​ពីរ​នាក់ កំពុង​តែ​អង្គុយ​លេងបៀរ តែ​២​នាក់ ខណៈ​ពេល​លេង​មិនដឹង​ថា​មាន​ទំនាស់​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​បុរស​ជន​ដៃដល់​បាន​យក​ដំបង​ឈើ ដេញ​វាយ​ជន​រង​គ្រោះ​ចំនួន​៣​ដំបងចំ​ក្បាល បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ។

បន្ទាប់​ពី​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ក៍បាន​ឃាត់ខ្លួន ជន​ដៃដល់​យក​ទៅ​អោយ​ផ្នែក​ជំនាញ​សួរនាំ​និង​អនុវត្ត​នី​តិ​វិធី​ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​សពជនរងគ្រោះ​រួច​ហើយ ក៍បាន​យក​ទៅ​រក្សា​ទុក​នៅ​វត្ត រង់​ចាំ​ស្រាវជ្រាវ​ស្វែងរក​សាច់​ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ដោយ៖ សូរិយា


ចែករំលែក៖