ខេត្តបន្ទាយមានជ័យ៖ ក្នុងសកម្មភាពចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពជីវភាពដោយផ្ទាល់ជាមួយប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគាំទ្រភាពអត់ធ្មត់ការតស៊ូ និងការច្នៃប្រឌិតរបស់បងប្អូនប្រជាពលរដ្ឋនៅជំរុំសុវត្ដិភាពនោះ ។ ពីការរស់នៅបណ្តោះអាសន្ន ទៅកាន់ជីវភាពដែលមានសោភ័ណភាពទោះបីជាស្ថិតក្នុងស្ថានភាពភៀសសឹកក្តី ប៉ុន្តែប្រជាពលរដ្ឋនៅភូមិរង់ចាំ បានបង្ហាញនូវភាពក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងជីវិត។ «ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋរបស់យើងមិនបោះបង់ ចោល ក្តីសង្ឃឹម។ បងប្អូនបានរៀបចំលំនៅឋានប្រកបដោយសោភ័ណភាព បង្កើតមុខរបរលក់ដូរតាមខ្នងផ្ទះ ព្រមទាំងខិតខំដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារ»។ សកម្មភាពទាំងនេះ មិនត្រឹមតែជាការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំនៃស្មារតីរបស់ប្រជាពលរដ្ឋ ដែលមិនរង់ចាំតែជំនួយ ប៉ុន្តែចេះបង្កើតឱកាសដោយខ្លួនឯង។
ក្នុងឱកាសដដែលនោះ លោក ទេសរដ្ឋមន្ត្រី ក៏បានបន្តចុះត្រួតពិនិត្យដំណើរការសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ដើម្បីធានាបាននូវការស្នាក់នៅដ៏សមរម្យជូនប្រជាពលរដ្ឋ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ភូមិរង់ចាំបច្ចុប្បន្នត្រូវបានប្រែក្លាយជាទីតាំងមួយដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ រួមមានបណ្តាញផ្លូវថ្នល់ និងទឹកស្អាតអគ្គិសនីប្រើប្រាស់មណ្ឌលសុខភាព និងសាលារៀនបណ្តោះអាសន្នផ្សារបណ្តោះ អាសន្ន។
លោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យក្នុងការជួយសង្គ្រោះ និងកសាងជីវភាពប្រជាពលរដ្ឋនេះ មិនអាចកាត់ផ្តាច់ចេញពីស្មារតីមហាគ្រួសារខ្មែរតែមួយបានឡើយ។ ការរួម ចំណែកពីសប្បុរស ជនគ្រប់ទិសទីបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងសាមគ្គីភាពយ៉ាងរឹងមាំ រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកមានភាពកក់ក្តៅ និងមានកម្លាំងចិត្តបន្តដំណើរទៅមុខយ៉ាងមោះមុត៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច