ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍វិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែជាកិច្ចការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិនូវព្រឹត្តិការណ៍សំខាន់ៗពីរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖

ទី១៖ ក្នុងដំណើរអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងបណ្តាខេត្តភូមិភាគឥសាន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសាទរនិងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនក្នុងបណ្តាខេត្តនីមួយៗ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានណែនាំ និងដាស់តឿនក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានក្នុងខេត្តនីមួយៗឱ្យយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗជាច្រើនដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។ សម្តេចតេជោតែងតែលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរកងទ័ពចំពោះជាតិមាតុភូមិពីព្រោះពួកគេបានយកទ្រូងទៅពាំងដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។ ដូច្នេះ អាជ្ញាធរត្រូវទទួលបានការតបស្នងសងគុណ តាមរយៈការយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេឱ្យបានសមរម្យ។

ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ប្រកបដោយយុត្តិធម៌ តម្លាភាព និងមិនលំអៀង និងត្រូវពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងត្រូវចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។ សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាស្ថិរភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យាឱ្យបាន។ សម្ដេចតេជោក៏បានរម្លឹកពីការដាក់ចេញគោលដៅសំខាន់ៗពីរក្នុងការអភិវឌ្ឍតំបន់ព្រំដែននាពេលកន្លងទៅនោះគឺ៖ ការអភិវឌ្ឍតំបន់ព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងការប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទី២៖ ស្ថានការណ៍វិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែជាកិច្ចការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ ជាក់ស្តែង ក្នុងជំនួបទទួលសម្តែងការគួរសមពីភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ដៃគូសន្ទនាអំពីស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

ប្រមុខការទូតកម្ពុជាក៏បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនានៅក្នុងតំបន់។ លោកស្រីភារធារីស្តីទីស្ថានទូតអាម៉េរិក បានបញ្ជាក់សាជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់របស់សហរដ្ឋអាម៉េរិកចំពោះស្ថានការណ៍វិវត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនានិងការទូត។

ដោយឡែក ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយអ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក៏បានរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ប្រាប់ដៃគូសន្ទនាដែរ។ ជាក់ស្តែង ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង(fait accompli) តាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យរបស់កម្ពុជា។ ជាពិសេសនោះគឺ បើទោះជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលនេះ ជនភៀសសឹកជាង ២ម៉ឺននាក់ មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបានទេ ដោយសារការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងថៃ។ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាក៏បានបញ្ជាក់ថា ការិយាល័យរបស់អង្គការសហប្រជាជាតិបានតាមដានដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងក៏បានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជាដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគេ៕

ដោយ៖ សិលា


ចែករំលែក៖