ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុង ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលអាចពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ក្នុងករណីពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជា កាលពីឆ្នាំ២០២១ បន្ទាប់ពីសារព័ត៌មានជប៉ុន The Japan Times បានចុះផ្សាយព័ត៌មានអំពីករណីនេះ និងបញ្ជាក់ថា កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងបាន ទទួលព័ត៌មានអំពីករណីសារព័ត៌មានជប៉ុន The Japanese Times ចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជាក្នុងអំឡុងឆ្នាំ២០២១។
សេចក្តីជូនដំណឹង បន្តថា សារព័ត៌មានជប៉ុន ក៏បានបញ្ជាក់ថា ករណីនេះ កំពុងស្ថិតក្នុងដំណើរការនីតិវិធីស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម ក៏បានបើកការស៊ើបអង្កេតផ្ទៃក្នុងកំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ជាធរមាន និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់។
ក្រសួងពាណិជ្ជកម្ម ពន្យល់ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើ ឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន www.registrationservices.gov.kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រួល នីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងសេវាសាធារណៈពាក់ព័ន្ធឱ្យបានឆាប់រហ័ស លើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។ ក្នុងន័យនេះ ក្រុមហ៊ុន សហគ្រាស ត្រូវបានលើកទឹកចិត្តឱ្យធ្វើការចុះបញ្ជី ពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស-នីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយ ក្រសួង ដូចមានក្នុងបញ្ជីជូនភ្ជាប់។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទសាធារណៈលេខ ១២៦៦ សម្រាប់ ការសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងបានតភ្ជាប់សេវាសាធារណៈ របស់ក្រសួងជាមួយផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) រួមជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង។
សូមជម្រាបជូនថា កាលពីថ្មីៗនេះ ក្រសួងបាន បន្តធ្វើសាមញ្ញកម្ម និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យឈានដល់ ១០០% ក្នុងការផ្តល់សេវាសាធារណៈ តាមរយៈប្រកាសលេខ០៤៤ ព.ណ.ន.ចបព ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការធ្វើសាមញ្ញកម្ម ការងារចុះបញ្ជីពាណិជ្ជកម្មដំណាក់កាលទី២៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច