ព័ត៌មានទាន់ហេតុការណ៍៖

តើថៃអាចបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិបានដែរឬទេ?

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមអត្ថបទរបស់លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ប្រទេសថៃដែលមានចំណងជើងថា «រឿងចាស់ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ដែលត្រូវបានចែករំលែកដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ច្បាស់ណាស់អាចនឹងមានការយល់ឃើញឬគិតបែបងាយៗថា ប្រទេសថៃមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិ ហើយថៃមិនចាំបាច់ចូលរួមក្នុងនីតិវិធីតុលាការឡើយ ឬមួយក៏អាចមានការលើកឡើងបែបជ្រុលនិយមថា «ប្រទេសថៃមិនចាំបាច់គោរពសាលក្រមនិងច្បាប់ទម្លាប់អន្តរជាតិណាមួយឡើយ»។

ចំពោះការលើកឡើងខាងលើនេះ អ្នកជំនាញដដែលបានបញ្ជាក់ថា ក្នុងតថភាពជាក់ស្តែង យើងត្រូវពិចារណាលើទិដ្ឋភាពច្បាប់មួយដែលទោះបីជាមិនស្របតាមបំណងឬមិនត្រូវចិត្តយើងក៏ដោយ ប៉ុន្តែវាជាការពិតក្នុងប្រវត្តិសាស្ត្រដែលថា «ប្រទេសថៃធ្លាប់បានចូលរួមដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជានៅចំពោះមុខតុលាការអន្តរជាតិរួចរាល់ហើយរហូតដល់ទៅ២លើក»។ ហេតុដូច្នេះហើយ រដ្ឋាភិបាលថៃត្រូវតែមានការប្រុងប្រយ័ត្ននិងម៉ត់ចត់ជាទីបំផុតក្នុងការទប់ស្កាត់មិនឱ្យមានរឿងក្តីជុំទី៣ កើតឡើងជាដាច់ខាត។

អត្ថបទដដែលបានរំលឹកបន្ថែមថា លទ្ធផលនៃសេចក្តីសម្រេចរបស់តុលាការក្នុងជុំទី២ កាលពីឆ្នាំ២០១៣នោះ រហូតមកដល់បច្ចុប្បន្ន នៅមិនទាន់អាចស្វែងរកអ្នកទទួលខុសត្រូវពិតប្រាកដបានឡើយ។ នេះក៏ដោយសារតែសេចក្តីសម្រេចនាពេលនោះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើស្ថានភាពដែនដីរបស់ប្រទេសជាតិដែលជាការពិតមិនអាចប្រកែកបាន។ ប៉ុន្តែដោយសារតែកន្លងមក ខ្វះការជជែកដេញដោលវែកញែករឿងនេះឱ្យបានហ្មត់ចត់ ទើបធ្វើឱ្យសង្គមទូទៅមិនបានទទួលដឹងលឺនិងមិនបានយល់ច្បាស់ពីផលប៉ះពាល់ពិតប្រាកដនៃសេចក្តីសម្រេចនោះឡើយ។

អ្នកជំនាញដដែលរូបនេះ ក៏បានព្រមានថា ផ្អែកលើមូលហេតុខាងលើនេះ រដ្ឋាភិបាលថៃមិនត្រូវបង្កើតលក្ខខណ្ឌណាមួយដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀប ទាំងក្នុងទិដ្ឋភាពនយោបាយ និងច្បាប់អន្តរជាតិ គ្រាន់តែដោយសារការមានទំនុកចិត្តហួសហេតុលើអំណាចយោធានោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលគប្បីត្រូវដឹងឱ្យច្បាស់ពីដែនកំណត់នៃអំណាចយោធារបស់ខ្លួន។ ហេតុផលគឺដោយហេតុថា «កងកម្លាំងប្រដាប់អាវុធមិនមែនជាឧបករណ៍ដែលអាចនាំមកនូវភាពជោគជ័យក្នុងការដោះស្រាយវិវាទព្រំដែនបានគ្រប់កាលៈទេសៈនោះទេ»៕

ប្រភព ៖ (កូនខ្មែរ)


ចែករំលែក៖