ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីកាប់ប្លន់យកម៉ូតូហើយយកទៅប្លុងចោល និងប្រើប្រាស់គ្រឿងញៀននៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីនគរបាលស្រុកអង្គស្នួលបានបំបែកសំណុំរឿងករណីធាក់ប្លន់យកម៉ូតូកាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង០០និង៥០នាទី នៅចំណុចផ្លូវលំក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលដោយឃាត់ខ្លួនជនសង្ស័យបានពីរនាក់។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ច្រឹក ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅ ភូមិលំហាច ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

រីឯជនសង្ស័យមានគ្នាទាំងអស់៥នាក់ តែសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់ ១-ឈ្មោះ ឈុំ វ៉ារ៉ាប៊ី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល (មានសារធាតុញៀនក្នុងទឹកនោម(+))។ ២ -ឈ្មោះ វិចិត្រ ច័ន្ទដាវីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+))។

៣-បក្ខពួកចំនួន០៣នាក់ទៀតមិនស្គាល់អត្ដសញ្ញាណពិត។

សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ឡើងតែមសេ៊រីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1KV-2184 (បានរកឃើញវិញ ដោយជនសង្ស័យយកទៅប្លុងចោលនៅរោងបុណ្យភូមិត្រពាំងសុក្រំ និងមានស្នាមកាប់បណ្ដាលឲ្យខូចខាតច្រើនកន្លែង)។

ជនរងគ្រោះបានដួលរលាត់ស្មាខាងឆ្វេង និងរលាត់ក្បាលជង្គង់ទាំង០២។

មុនពេលកើតហេតុ គឺនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣:៥០នាទី ជនរងគ្រោះនិងមិត្តភក្តិបានជិះម៉ូតូពីរគ្រឿងមានគ្នាបីនាក់ ចេញពីផ្ទះជួលនៅថ្នល់ទទឹងក្នុងគោលបំណងឆ្ពោះទៅលេងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤។ ពេលនោះជនរងគ្រោះបានជិះម៉ូតូទៅដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមជិះឌុបគ្នាបីនាក់ដោយបិទភ្លើងតាមពីក្រោយជនរងគ្រោះ ហើយបានមកធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលនៅលើចិញ្ចើមថ្នល់។ ជនសង្ស័យបាននាំគ្នាមកលើកម៉ូតូរបស់ជនរងគ្រោះបម្រុងជិះយកចេញទៅ ប៉ុន្តែម៉ូតូដេមិនឆេះទើបជនសង្ស័យបានទុកម៉ូតូចោល រួចដកយកកូនសោម៉ូតូជិះគេចទៅទិសខាងលិចបាត់ទៅ។ បន្ទាប់មកជនរងគ្រោះបានរត់ចូលទៅក្នុងការាសលក់ហ្គាសទាំងបីនាក់។

លុះក្រោយបន្តិចមក ជនរងគ្រោះបានឃើញសភាពស្ងប់ស្ងាត់ក៏រត់ទៅ

លើកម៉ូតូជិះតែម៉ូតូអត់កូនសោ ក៏នាំគ្នារុញម៉ូតូចូលទៅក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នៅពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងទៀតម៉ាកស៊ុយស៊ូគីនិចមានគ្នាពីរនាក់ អ្នកជិះក្រោយកាន់កាំបិតផ្គាក់ទៅដល់និងស្រែកថា ពួកអាហ្នឹងហើយ? ឮដូចនោះជនរងគ្រោះបានផ្ដួលម៉ូតូចោល ហើយរត់ឡើងជិះម៉ូតូជាមួយមិត្តភក្តិដើម្បីគេចខ្លួន និងបានទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន។

ក្រោយពីកម្លាំងប៉ុសិ៍្ដទទួលពាក្យប្ដឹងរួច  បានចុះទៅដល់ទីតាំងកើតហេតុ។ លុះព្រឹកឡើងនៅថ្ងៃខែឆ្នាំកើតហេតុដដែល កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុសិ៍្តបែកចាន ចុះទៅឆែកកាមេរ៉ាសុវត្ថិភាពរហូតឈានដល់កំណត់មុខសញ្ញាបាន រួចបន្តទៅហៅជនសង្ស័យចំនួន០២នាក់និងវត្ថុតាង នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ចំពោះក្រុមដែលធ្វើសកម្មភាពដេញវាយយកម៉ូតូរបស់ជនរងគ្រោះនោះជាក្រុមបក្ខពួករបស់ខ្លួន តែខ្លួនមិនបានស្គាល់

អត្ដសញ្ញាណច្បាស់ឡើយ ហើយពួកខ្លួនក៏ចេះប្រើប្រាស់សារធាតុញៀនផងដែរ។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្ដតាមនីតិវិធី៕


ចែករំលែក៖