ខេត្តរតនគិរី៖ ប្រភេទត្មាតផេះនេះត្រូវបានពិភពលោកចាត់ទុកថា ជាប្រភេទបក្សីកម្រជិតផុតពូជបំផុត ត្រូវបានកត់ត្រាថា មានវត្តមានឡើងវិញ ក្នុងដែនជម្រក សត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា កាលពីអំឡុងពេល ធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសដែលបានប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ ២០២៦ កន្លងមកនេះ។
ក្នុងអំឡុងពេលធ្វើជំរឿន អ្នកជំនាញបានកត់ត្រា ត្មាត ផេះ ចំនួន២ក្បាល នេះបង្ហាញថា វត្តមានរបស់វា នៅតំបន់នេះកំពុងមានសញ្ញាកើនឡើងវិញ ហើយការអភិរក្សបានស្តារប្រភេទនេះឱ្យមានការរស់នៅក្នុងតំបន់តំបន់ការពារធម្មជាតិ។ នេះជាលើកដំបូងដែលប្រភេទបក្សី នេះបានបង្ហាញខ្លួនឡើងវិញក្នុងដែនជម្រក សត្វព្រៃលំផាត់ ក្រោយពីការបាត់ខ្លួនតាំងពីឆ្នាំ២០១៦។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការធ្វើជំរឿនក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ៥ក្បាលផងដែរ ក្នុងនោះមានកូនត្មាតចំនួន ២ក្បាល ដែលបញ្ជាក់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃនេះ។ ដូចនេះ ការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងដែនជម្រក សត្វព្រៃលំផាត់ និងជានិមិត្តសញ្ញានៃក្តីសង្ឃឹម សម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន “សត្វត្មាតនៅក្នុងប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិ ដែលមានមានតួនាទីដ៏សំខាន់ក្នុងការសម្អាតបរិស្ថាន និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ការពារធម្មជាតិ។ ការវិលត្រឡប់របស់វាបន្ទាប់ពី ១០ឆ្នាំ មិនត្រឹមតែជាសញ្ញាវិជ្ជមាន សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យសំខាន់ សម្រាប់ការពារប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ។ ជាមួយគ្នានេះ វត្តមានត្មាតផេះ ជាថ្មីនៅក្នុងតំបន់ការពារធម្មជាតិ ភាគឦសាននៃប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់។
ក្រសួងបរិស្ថាន ក៏ដូចជា អង្គការជីវិតធម្មជាតិនៅកម្ពុជា បន្តលើកទឹកចិត្ត ការចូលរួមបន្ថែមទៀត ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសអភិរក្សប្រភេទជីវៈចម្រុះកម្រលើពិភពលោក ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែងរបស់ពួកវា”។ សូមបញ្ជាក់ថា លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្មាត(ត្មាតត្នោត ត្មាតភ្លើង និងត្មាតផេះ) សរុបចំនួន១៦៣ក្បាល នៅឆ្នាំ២០២៥៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច