ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រី អាយុ១៩ឆ្នាំម្នាក់ បានរួចផុតជីវិត ដោយសមត្ថកិច្ចក្រោយពីការជួយអន្តរាគមន៍ និងសង្គ្រោះ ខណៈដែលនាងបានឆ្លងកាត់ទំនប់បង្ហៀរ ពេលមេឃធ្លាក់ភ្លៀងខ្លាំង ហើយទឹកហូរគួច ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយសារតែស្ថានភាពជំនន់នៃទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់បានធ្វើឱ្យទឹកជន់លិចខ្លាំងនៅទំនប់ពាមពូល ស្ថិតនៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ នៅវេលាម៉ោង១២ និង៥០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចទំនប់ទឹកពាមពូល កម្លាំងនគរបាលសហការជាមួយប្រជាការពារភូមិ បានជួយអន្ដរាគមន៍សង្គ្រោះនារីម្នាក់ ឈ្មោះ វឿន ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិអូរឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាប់ដោយសារតែការឆ្លងទឹកចំពេលទឹកហូរខ្លាំង បណ្ដាលឱ្យគួចធ្លាក់ ទៅទើរលើមែកឈើ ស្របពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំង ស្ថានភាពទឹកមានការជន់ហក់ឡើងខ្លាំងភ្លាមៗមួយរំពេច ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានដឹកនាំកងកម្លាំងប្រតិបត្ដិការបញ្ជាដោះស្រាយ និងជួយសង្គ្រោះនារីខាងលើបានមកគោកដោយសុខសុវត្ថិភាព ប្រើពេលជាង១៨០នាទី ក្នុងការប្រកបដោយហានិភ័យ ។
សមត្ថកិច្ចធ្វើការសំណូមពរដល់បងប្អូន ដែលរស់នៅតំបន់ភ្នំ មានទំនប់ទឹក ឬស្ទឹង មេត្ដាប្រុងប្រយ័ត្នព្រោះស្ថានភាពទឹកភ្លៀងហូរធ្លាក់ពីលើភ្នំមកមានល្បឿនលឿន ហើយបើស្របពេលភ្លៀងបន្ដធ្លាក់ បណ្ដាលឱ្យទឹកជន់លិចតាមច្រក អូរ ដែលជាហេតុអាចបង្កជាផលប៉ះពាល់ ដោយប្រការណាមួយបាន ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច