ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរធនធានទឹកខេត្តបាត់ដំបងអំពាវនាវប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប្រ៊ីស លក្ខណៈបែបនេះបានបង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឲ្យមានទឹកជំនន់ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឲ្យបរិមាណទឹកក្នុងអាងមានការកើនឡើងលើសកម្រិតអតិបរមា។

ដោយមើលឃើញដូច្នោះ ហើយដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលពេញអាង មន្ទីរធន់ធានទឹក និងឧតុនិយមខេត្តនឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង (សេកសក) បង្ហូរចូលស្ទឹងសង្កែ បណ្តាលឲ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សង្កែមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតជាដើម។

ជាមួយគ្នាទៅនឹងជំនន់ទឹកភ្លៀងនេះដែរ គិតត្រឹមវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកសំឡូត បានបញ្ជាក់ថា ស្ថានភាពទឹកនៅតាមអូរតូចៗក្នុងភូមិសាស្ត្រស្រុកសំឡូតបានស្រកចុះច្រើន ធ្វើចរាចរណ៍បាន និងដងស្ទឹងទាំងពីរបានបន្តស្រកចុះជាបណ្តើរៗ ប៉ុន្តែចំណុចការដ្ឋានទំនប់ស្ទាក់ទឹកក្បាលស្ទឹងក្រញូងត្រង់ភូមិអូរត្រែង ឃុំតាតោក នៅតែបន្តភ្លៀងរលឹមមិនទាន់ឈប់នៅឡើយ ហើយរដ្ឋបាលស្រុកបានណែនាំដល់អង្គភាពពាក់ព័ន្ធនៅតែបន្តការប្រុងប្រយ័ត្ននិងត្រៀមអន្តរាគមន៍ក្នុងករណីចាំបាច់៕


ចែករំលែក៖