ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសមនិងជម្រាបលា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបជម្រាបលានៅក្នុងឱកាសនេះ។ លោកបានលើកឡើងថា រយៈពេល ៤ឆ្នាំនៃការបំពេញការងាររបស់ឯកឧត្តមនៅកម្ពុជា គឺបានប្រព្រឹត្តទៅដោយលឿនខ្លាំងណាស់ ហើយលោកបានធ្វើកិច្ចការងារជាមួយនឹងភាគីកម្ពុជា និងបានសម្រេចនូវលទ្ធផលជាច្រើនសម្រាប់ពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជានិងអាល្លឺម៉ង់។
លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានអរគុណចំពោះភាគីកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងលោកនិងក្រុមការងារក្នុងទិសដៅនៃការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងអាល្លឺម៉ង់ហើយ លោកក៏បានរំលេចអំពីស្នាដៃសំខាន់ៗក្នុងពេលដែលឯកឧត្តមបំពេញការងារនៅកម្ពុជា ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌និងទេសចរណ៍រវាងប្រជាជនកម្ពុជា និងអាល្លឺម៉ង់។
លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជានូវវឌ្ឍនភាពដែលបានកើតឡើងហើយប្រជាជនអាល្លឺម៉ង់ បានចាប់អារម្មណ៍នៅក្នុងការមកទស្សនាប្រទេសកម្ពុជាហើយកម្ពុជាបានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍ជាពិសេសសម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនានិងមកកម្សាន្ត។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក Stefan ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់ហើយសម្ដេចតេជោបានយល់ស្របទាំងស្រុងចំពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចបានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនេះ គឺជាស្នូរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏សង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ង់ នឹងកាន់តែមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតហើយសម្ដេចតេជោក៏បានអរគុណចំពោះអាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមក ជាពិសេសនៅក្នុងការជួយដល់ការកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងជួយនៅក្នុងការអភិវឌ្ឍជនបទជាដើមដែលជាសមិទ្ធផលអាល្លឺម៉ង់បានចូលរួមចំណែកជួយដល់កម្ពុជា៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច