ភ្នំពេញថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦
សេចក្ដីជូនព័ត៌មាន
បណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំងរៀបចំព្រឹត្តិការណ៍ថ្មីមួយលើប្រធានបទវិទ្យាសាស្រ្ត
ដោយមានការគាំទ្រពីស្ថានទូតបារាំងនិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្តាញអតីតនិស្សិតកម្ពុជាមកពីប្រទេសបារាំង (France Alumni Cambodge) នឹងរៀបចំព្រឹត្តិការណ៍ជួបជុំថ្មីមួយលើប្រធានបទ«វិទ្យាសាស្រ្ត និងការបង្កើតថ្មី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែវិច្ឆិកា ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៧យប់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
ព្រឹត្តិការណ៍នេះនឹងបើកទូលាយសម្រាប់អតីតនិស្សិតកម្ពុជា ដែលធ្លាប់ទៅសិក្សាផ្នែកវិទ្យាសាស្រ្តនៅប្រទេសបារាំង ព្រមទាំងនិស្សិតកម្ពុជា ដែលកំពុងសិក្សាលើមុខវិជ្ជានេះ ក៏ដូចជាក្រុមហ៊ុនបារាំង និងក្រុមហ៊ុនប្រើប្រាស់ភាសាបារាំងជាច្រើនដែលកំពុងធ្វើអាជីវកម្មពាក់ព័ន្ធជាមួយវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ភាសាអង់គ្លេសហៅកាត់ថា STEM)។ លោកអ្នកដែលមានបំណងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះត្រូវចុះឈ្មោះជាមុនតាមរយ:គេហទំព័រ www.cambodge.francealumni.fr។
ព្រឹត្តិការណ៍ France Alumni STEM នេះគឺជាឱកាសជួបជុំគ្នាមួយរវាងអតីតនិស្សិត និស្សិត និងដៃគូរដ្ឋ/ឯកជននៅក្នុងវិស័យវិទ្យាសាស្រ្ត ដូចជាព័ត៌មានវិទ្យាក្នុងវិស័យសុខាភិបាល ព័ត៌មានវិទ្យាក្នុងវិស័យធនាគារនិងធានារ៉ាប់រង ទូរគមនាគមន៍ វិស្វកម្មវេជ្ជសាស្រ្ត គីមីឧស្សាហកម្ម ឧសថស្ថាននិងគ្រឿងសម្អាង កសិចំណីអាហារ វិស្វកម្មស៊ីវិល បរិក្ខារសំណង់ វិស្វកម្មជនបទ ទឹកស្អាត ថាមពល អគ្គិសនី មេកានិច ។ល។ ហើយនេះក៏ជាឱកាសដ៏ល្អសម្រាប់អ្នកដែលចង់ស្វែងរកការងារធ្វើក្នុងវិស័យវិទ្យាសាស្រ្តផងដែរ។
កម្មវិធីជាច្រើននឹងត្រូវរៀបចំនៅក្នុងព្រឹត្តិការណ៍ខាងលើ ក្នុងនោះពេលព្រឹកគឺជាការជួបជុំរវាងអតីតនិស្សិត និស្សិត និងក្រុមហ៊ុន រីឯពេលរសៀលនឹងផ្តោតលើការសិក្សា និងស្រាវជ្រាវវិទ្យាសាស្រ្ត ដែលនឹងអនុញ្ញាតអោយអ្នកចូលរួមផ្លាស់ប្តូរយោបល់គ្នាជាមួយដៃគូរដ្ឋ និងឯកជន ព្រមទាំងស្វែងយល់ពីការសិក្សាផ្នែកវិទ្យាសាស្រ្តនៅប្រទេសបារាំង អាហារូបករណ៍ និងសាកលវិទ្យាល័យដៃគូនានា។ ចំណែកពេលល្ងាចពីម៉ោង១៧ដល់ម៉ោង១៩ ដោយមានការគាំទ្រពី ក្រុមហ៊ុន Thalès France នឹងមានការធ្វើបទបង្ហាញពាក់ព័ន្ធនឹងការបង្កើតថ្មី ការចងក្រងបណ្តាញ ការវិនិយោគក្នុងវិស័យវិទ្យាសាស្រ្តនៅកម្ពុជា ឱកាសការងារ និងការចែកប័ណ្ណសរសើរដល់អតីតនិស្សិតឆ្នើម។
បណ្តាញអតីតនិស្សិត France Alumni ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ដោយក្រសួងការបរទេសបារាំង។ ដោយឡែកនៅកម្ពុជា បណ្តាញនេះត្រូវបានប្រកាសជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំមុន ហើយបច្ចុប្បន្នមានសមាជិកជាង៥០០នាក់។ ក្នុងមួយឆ្នាំៗ និស្សិតបរទេសប្រមាណ៣សែននាក់ ក្នុងនោះ៦៥០នាក់ជានិស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសបារំាង ដែលធ្វើអោយបារាំងក្លាយជាប្រទេសធំជាងគេទី៣ក្នុងពិភពលោកក្នុងការទទួលនិស្សិតបរទេសទៅសិក្សា និងស្រាវជ្រាវ ហើយបារាំងក៏ជាប្រទេសធំជាងគេទី៣ផងដែរក្នុងការទទួលនិស្សិតកម្ពុជា ៕