ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកីឡាករកីឡាការិនី សីប៉ាក់តាក្រ-ឈិនឡូនបង្ហាញ មេដាយឈ្នះនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករកីឡាការិនីសីប៉ាក់ តាក្រ-ឈិនឡូនកម្ពុជាបានបង្ហាញមេដាយ ដែលពួកគេលេងឈ្នះក្នុងព្រឹត្តិការណ៍ King -Cup 31thSepaktakraw World Championship ២០១៦នៅទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីត្រឡប់មកដល់មាតុភូមិវិញ ។ ក្នុងឱកាសនោះដែរ លោកមាស សារិន ប្រធានសហព័ន្ធកីឡាសីប៉ាក់តាក្រក៏បាន ជួបសំណេះសំណាលជាមួយកីឡាករ- កីឡាការិនីដើម្បីជាការលើកទឹកចិត្តដែលពួកគេបានខិតខំអស់ពីកម្លាំងកាយចិត្តរហូតឈានដល់ការដណ្ដើមបានមេដាយយកមកជូនជាតិ ។

លោក ទូច សុភ័ក្រ អគ្គលេខាធិការ សហព័ន្ធកីឡាសីប៉ាក់តាក្រ-ឈិនឡូន បានឲ្យដឹងថា ព្រឹត្តិការណ៍នេះអត្តពលិក មកពីបណ្តាប្រទេសផ្សេងៗចំនួន២៧មកពីទ្វីបទាំង៥ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ ។

លោកបានបញ្ជាក់ថា សម្រាប់កម្ពុជា កីឡាករកីឡាការិនីរបស់យើងដណ្ដើមបានមេដាយប្រាក់ចំនួន២គ្រឿងនិងមេដាយ សំរឹទ្ធិ២គ្រឿង ក្នុងនោះកម្ពុជាបានបញ្ជូន កីឡាការិនី១២នាក់ និងកីឡាករ១២នាក់ ហើយការប្រកួតចែកចេញជា ២ Division គឺ Premier Division និង Division1។ ក្រុម កីឡាការិនីកម្ពុជាមិនដែលអាក់ខានម្តងណាឡើយព្រោះ Premier Division គឺជា Division សម្រាប់កីឡាការិនីមានកម្រិត ខ្ពស់ជាងគេ ។ ចំពោះកីឡាករកម្ពុជាដែលអាក់ខានចូលរួមនោះតម្រូវឲ្យលេងក្នុង Division 1។

លោកបានបញ្ជាក់ថា ចំពោះកីឡាការិនីលេងវិញ្ញាសា២នាក់ទល់២នាក់កម្ពុជាបានឈ្នះមេដាយសំរឹទ្ធិស្ទួនជាមួយក្រុមកីឡាការិនីឥណ្ឌា។ រីឯមេដាយមាសបានទៅ ឥណ្ឌូនេស៊ីនិងមេដាយប្រាក់បានទៅក្រុមជប៉ុន។ ចំណែកផ្នែកបុរសវិញលេងវិញ្ញាសា៣នាក់ទល់៣នាក់កម្ពុជាទទួលបាន មេដាយប្រាក់រីឯមេដាយមាសបានទៅ ប្រទេសអីុរ៉ង់ និងមេដាយសំរឹទ្ធិបានទៅ ប្រទេសអូស្រ្តាលី និងណេប៉ាល់ ហើយក្នុងនោះកីឡាករកម្ពុជាឈ្នះបានមេដាយប្រាក់១គ្រឿងបន្ថែមទៀតលើវិញ្ញាសា២នាក់ ទល់២នាក់ ។ ដោយឡែកមេដាយមាសបានទៅប្រទេសអុីរ៉ង់និងមេដាយសំរឹទ្ធិបានទៅណេប៉ាល់ និងប្រទេសអាល្លឺម៉ង់ ។ រីឯមេដាយសំរឹទ្ធិ១គ្រឿងទៀតកីឡាករកីឡាការិនីកម្ពុជាដណ្ដើមបានលើវិញ្ញាសាជា ក្រុម៕ សារីម

13 12


ចែករំលែក៖