ភ្នំពេញ៖ បើទោះបីកម្មវិធីបើកជាផ្លូវការគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ក៏ដោយ ប៉ុន្តែសម្រាប់ប្រភេទ កីឡាមួយចំនួនដែលមានការប្រកួតច្រើនជាងគេត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមមុន ពោលគឺចាប់ព្រឹកថ្ងៃទី២៦ខែតុលាតទៅ ខណៈដែលប្រតិភូកីឡាទាំង២៥រាជធានី-ខេត្ត ក៏បានមកដល់កន្លែងស្នាក់នៅអស់ហើយដែរ ។
ប្រភពព័ត៌មានពីមន្ត្រីគណៈកម្មការគ្រប់គ្រងការប្រកួតតាមប្រភេទកីឡានីមួយៗបានឲ្យដឹងថា ចំពោះថ្ងៃបើកការប្រកួតដំបូងនេះសម្រាប់ប្រភេទកីឡាបាល់ទាត់មាន រហូតដល់ទៅ១១គូក្នុងនោះពូល A ក្រុម ខេត្តក្រចេះចាញ់ក្រុមខេត្តមណ្ឌលគិរី ៥ទល់១ ខណៈក្រុមខេត្តត្បូងឃ្មុំ ចាញ់ក្រុម រាជធានីភ្នំពេញ ៣ទល់១។ ចំណែកពូល Bក្រុមរតនគីរីចាញ់ក្រុមកំពត ៣ទល់០ និង ក្រុមខេត្តកំពង់ឆ្នាំងចាញ់ក្រុមសៀមរាប ៨ទល់១។ ក្នុងពូល C វិញក្រុមខេត្តតាកែវ ប្រកួតស្មើគ្នាជាមួយក្រុមខេត្តកំពង់ធំ ១ទល់១។ ពូល D ក្រុមខេត្តប៉ៃលិនឈ្នះក្រុមខេត្តកំពង់ស្ពឺ ៣ទល់១ និងក្រុមខេត្ត កំពង់ចាមឈ្នះក្រុមខេត្តព្រៃវែង ១ទល់០។ ពូលEក្រុមខេត្តកែបចាញ់ក្រុមក្រសួងការពារជាតិ ៣ទល់០ និងក្រុមក្រសួងមហាផ្ទៃ ឈ្នះក្រុមខេត្តព្រះវិហារ ៦ទល់០។ ពូល F ក្រុមខេត្តកោះកុងចាញ់ក្រុមខេត្តព្រះសីហនុ ១ទល់០ និងក្រុមខេត្តកណ្តាលចាញ់ក្រុមឧត្តរមានជ័យ ៧ទល់០។
គួរបញ្ជាក់ថា វិញ្ញាសាបាល់ទាត់បុរសពូល Aមានក្រុមខេត្តក្រចេះ ខេត្តត្បូងឃ្មុំ រាជ ធានីភ្នំពេញ និងខេត្តមណ្ឌលគីរី ។ ពូល B មានខេត្តរតនគិរី ខេត្តកំពង់ឆ្នាំង ខេត្ត សៀមរាប ខេត្តកំពត ។ ពូលCមានខេត្ត កំពង់ធំ ខេត្តបាត់ដំបង និងខេត្តតាកែវ ។ ពូលD មានខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ។ ពូល E មានខេត្តកែប ក្រសួងមហាផ្ទៃ ខេត្ត ព្រះវិហារ ក្រសួងការពារជាតិ និង ពូល F មានខេត្តកោះកុង ខេត្តកណ្ដាល ខេត្តឧត្តរ មានជ័យ ខេត្តព្រះសីហនុ។ ដោយឡែក វិញ្ញាសាបាល់ទាត់នារី ពូល A មានខេត្ត ព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង និងពូល B មានខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្ត កណ្ដាលដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី២៨ ខែតុលាតទៅ ។
ចំពោះលទ្ធផលប្រកួតកីឡាតេក្វាន់ដូវិញ វិញ្ញាសាមេគុនឯកត្តជនផ្នែកបុរស មេដាយមាស បានទៅលើកីឡាករ ភាព សុផាន់ណា មកពីរាជធានីភ្នំពេញ, មេដាយ ប្រាក់ បានទៅកីឡាករ ជន ចំរ៉ុង មកពីខេត្ត មណ្ឌលគិរី និងមេដាយសំរឹទ្ធិបានទៅលើ កីឡាករ ទន់ សុផាន់ណា មកពីខេត្តសៀម រាប ។ វិញ្ញាសាសម្តែងមេគុនឯកត្តជននារីមេដាយមាសកីឡាការិនី ណាង វណ្ណៈ មក ពីខេត្តព្រះសីហនុ, មេដាយប្រាក់បាន ទៅកីឡាការិនី ហែម សុធីរ៉ា រាជធានី ភ្នំពេញមេដាយសំរឹទ្ធិ, កីឡាការិនី ឃុត គឹមលី មកពីខេត្តកំពត។ សម្តែងមេគុន គូបុរស-នារីមេដាយមាសបានទៅជន ចំរ៉ុង+ផល ច័ន្ទរេបេកា មកពីខេត្តមណ្ឌល គិរី, មេដាយប្រាក់ ហែម សុធីរ+ហែម សុធីរ៉ា មកពីរាជធានីភ្នំពេញ និងមេដាយ សំរឹទ្ធិ ហេង វ៉ាឈៀងហូវ+គង់ បុប្ផា មកពីខេត្តបាត់ដំបង។វិញ្ញាសាប្រភេទទម្ងន់ក្រោម៤៥គ.ក្រមេដាយមាស ចាន់ គឹមជុន មកពី ខេត្តសៀមរាប, មេដាយប្រាក់ ញ៉ន វណ្ណៈ មកពីខេត្តព្រះសីហនុ និងមេដាយសំរឹទ្ធិ ហ៊ាង គឹមហុង មកពីខេត្តបាត់ដំបង។ វិញ្ញាសា ៤៥-៤៩ គ.ក្រ-មេដាយមាស រិន ប៊ុនហួត មកពីខេត្តកំពត, មេដាយប្រាក់ ឌី ជឺឈាំង មកពីខេត្តបាត់ដំបង និងមេដាយសំរឹទ្ធិ វ៉ាយ៉េស ណាន់ស័រម៉ា មកពីខេត្តសៀមរាប។
ឆ្នាំដំបូងនៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិនេះ ក្រសួងអប់រំយុវជននិងកីឡាបាន សម្រេចដាក់១៥ប្រភេទកីឡាចូលរួមក្នុងនោះមាន អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់ បាល់ទាត់ ចំបាប់ វាយ កូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ និងកាយសម្ព័ន្ធ និងកីឡាសេរីនស៊ីកាំប៉ូដោយចាប់ប្រកួតពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៦។ ព្រឹត្តិការណ៍កីឡានេះធ្វើឡើងក្នុងគោល បំណងជំរុញនិងកំណត់ទិសដៅរបស់ ក្រសួងអប់រំ យុវជននិងកីឡា និងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ទទួលបាននូវបទពិសោធន៍ថ្មីៗពីការរៀបចំព្រឹត្តិការណ៍ កីឡាជាតិនេះអនុវត្តតាមស្ដង់ដារកីឡាស៊ីហ្គេមសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ៕ សារីម