ព័ត៌មានទាន់ហេតុការណ៍៖

នាវាមុជទឹកសហរដ្ឋអាមេរិកចូលមកដល់កំពង់ផែប្រទេសជប៉ុន

ចែករំលែក៖

អ្នកនាំពាក្យទាហានជើងទឹកអាមេរិកលោក David Edgerton បានឲ្យដឹងថា នាវាមុជទឹក Columbia ដែលជានាវាវាយលុកលឿនដើរដោយថាមពលបរមាណូរបស់អាមេរិកបានទៅដល់កំពុងផែ Yokosuka ប្រទេសជប៉ុន ដើម្បីបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំង២នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ការមកដល់របស់នាវាមុជទឹកខាងលើចំពេលដែលចិនកំពុងតែបង្កើនវត្តមានយោធានៅសមុទ្រចិនភាគខាងកើតដែលអាចគំរាមកំហែងដល់ប្រទេសជប៉ុនដែលពឹកផ្អែកលើវិស័យដឹកជញ្ជូនតាមដែនសមុទ្រទាំងស្រុង។

លោក David Edgerton បានបញ្ជាក់ ថា ការដែលនាវាមុជទឹកដើរដោយថាមពលបរមាណូរបស់អាមេរិកមកកាន់ជប៉ុនដើម្បីធានាដល់ស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់ជាមួយកងពលទី៧របស់អាមេរិកនៅទីនោះផង។

ក្នុងពេលដាក់ពង្រាយនាវា Columbia ជាការបំពេញការងាររក្សាសន្តិសុខរបស់អាមេរិក និង តំបន់ប៉ាស៊ីហ្វិកទាំងមូល ។ អាមេរិកតែងតែបង្កើនអាវុធទំនើបៗជាច្រើននៅតំបន់អាស៊ីដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។កន្លងមកចិនបានចោទប្រកាន់វត្តមាននាវាចម្បាំងអាមេរិកក្នុងសមុទ្រចិនពេលនេះជារឿងខុសច្បាប់និងជាទង្វើបង្ករឿងដោយចេតនា។

ប្រតិកម្មរបស់ចិនប្រឆាំងនឹងវត្តមាននាវាចម្បាំងអាមេរិកក្នុងសមុទ្រចិនខាងត្បូងត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានចំនួនពីរដាច់ដោយឡែកពីគ្នា ទី១ជារបស់ក្រសួងការពារជាតិ និងទី២ ជារបស់ក្រសួងការបរទេស។ ក្រសួងការពារជាតិចិនបានបញ្ជាក់ថា នាវាចម្បាំងចិនចំនួន២គ្រឿងបានចេញប្រតិបត្តិការរារាំងនាវាចម្បាំងអាមេរិកមិនឲ្យបន្តដំណើរទៅមុខបន្ទាប់ពីនាវានោះបានឆ្លងចូលក្នុងដែនទឹកចិនក្បែរទីប្រជុំកោះ Paracels។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះដដែល ក្រសួងការពារជាតិចិនបានចាត់ទុកវត្តមាននាវាចម្បាំងអាមេរិកជារឿងខុសច្បាប់ និងជាការបង្ករឿងដោយចេតនា។

ចំណែកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវិញបានថ្លែងថា ទង្វើរបស់អាមេរិករបៀបនេះបានរំលោភបំពានលើដែនអធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ចិនព្រមទាំងរំលោភបំពានលើច្បាប់ចិន និងអន្តរជាតិផងដែរ។

ប្រតិកម្មខ្លាំងៗរបស់ចិនពេលនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា អាមេរិកពិតជាបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅក្បែរទីប្រជុំកោះ Paracels ក្នុងសមុទ្រចិនខាងត្បូងមែន តែបានគោរពតាមនីតិវិធីច្បាប់អន្តរជាតិដោយមិនរំលោភលើដែនអធិបតេយ្យរបស់ប្រទេសណាមួយទេ៕ ម៉ែវ សាធី

2610taungam web1_20141123_uss_columbia_submarine


ចែករំលែក៖