ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជលផលខេត្តក្រចេះចុះបង្ក្រាបបទល្មើសនៅឃុំថ្មគ្រែស្រុកចិត្របុរី

ចែករំលែក៖

ខេត្តក្រចេះ៖ មន្ត្រីជំនាញដឹកនាំដោយ លោក ម៉ុក ពន្លក នាយរងខណ្ឌបានចុះ បង្ក្រាបបទល្មើសនេសាទនៅចំណុចបឹង ច្រឡំភក់ និងបឹងទ្រនូលឆ្នាំង ឃុំថ្មគ្រែ ស្រុក ចិត្របុរី ខេត្តក្រចេះ ។

មន្ត្រីជលផលបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ តុលា ឆ្នាំ២០១៦ ក្រោមការសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរីដឹកនាំដោយលោក អ៊ឹម ចិត្រា ជាមេបញ្ជាការ ព្រមទាំងមានការចូលរួមពីនគរបាលប៉ុស្តិ៍ រដ្ឋបាលក្រគរ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ថ្មគ្រែ ។

មន្ត្រីជលផលបានបន្តថា ជាលទ្ធផល កម្លាំងបានដកហូត និងបំផ្លាញចោលវត្ថុតាងមួយចំនួនរួមមាន របាំងស្បៃមុងចំនួន២៦ខ្សែមានប្រវែង១.៣០០ម៉ែត្រ លូស្បៃមុង ចំនួន២៦មាត់លូ បង្គោលចម្រឹងប្ញស្សីចំនួន៣៩០ដើមនិងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិប្រមាណជា៩០គីឡូក្រាម ។ ចំពោះវត្ថុតាងទាំងអស់ត្រូវបានយកមក ដុតបំផ្លាញចោលនៅទីទួលចំណុចមាត់ព្រែកក្រគរ ។

លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាល ជលផលក្រចេះបានបញ្ជាក់ឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទខាងលើគឺមានសារសំខាន់២យ៉ាង ទី១ជួយរំដោះទឹកនៅតំបន់វាលទំនាបជិតបឹងឲ្យហូរបានលឿនដើម្បីឲ្យប្រជាកសិករភ្ជួររាស់ដីបង្កបង្កើនផល និងដាំដំណាំផ្សេងៗបានទាន់ពេល វេលាជួយរំដោះហ្វូងត្រីធំតូចដែលកំពុង ត្រូវបានហ៊ុមព័ទ្ធដោយឧបករណ៍នេសាទ ស្បៃមុងពីក្រុមអ្នកនេសាទល្មើសច្បាប់ មួយចំនួននោះ ៕ ហេង នរិន្ទ្រ

ches


ចែករំលែក៖