ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹប Aston Villa រងការរិះគន់ជុំវិញកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយក្រុមប្រឹក្សាទេសចរណ៍រវ៉ាន់ដា Visit Rwanda

ចែករំលែក៖

ក្លឹប Aston Villa បានរងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស បន្ទាប់ពីបានប្រកាសកិច្ចព្រមព្រៀងឧបត្ថម្ភថ្មីជាមួយ ក្រុមប្រឹក្សាទេសចរណ៍រវ៉ាន់ដា Visit Rwanda។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអះអាងថា ប្រទេសរវ៉ាន់ដាកំពុងប្រើប្រាស់កិច្ចព្រមព្រៀងនេះ ដើម្បីលើកកម្ពស់រូបភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។

Visit Rwanda និង Aston Villa បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលច្រើនឆ្នាំកាលពីថ្ងៃអង្គារ ដោយសារព័ត៌មានបានរាយការណ៍ថា មានតម្លៃប្រមាណ ២០ លានផោន (ប្រហែល ២៦ លានដុល្លារ) ក្នុងមួយឆ្នាំ។

អង្គការលើកលែងទោសអន្តរជាតិរបស់អង់គ្លេស បានលើកឡើងថា ការសហការនេះអាចជួយឱ្យរវ៉ាន់ដា ប្រើប្រាស់វិស័យកីឡា ដើម្បីបិទបាំងកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន។ អង្គការនេះក៏បានយោងទៅលើការចោទប្រកាន់ពាក់ព័ន្ធនឹងតួនាទីរបស់រវ៉ាន់ដា ក្នុងជម្លោះនៅប្រទេសជិតខាង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo)។

រដ្ឋាភិបាលរវ៉ាន់ដា បានបដិសេធជាបន្តបន្ទាប់ចំពោះការចោទប្រកាន់ថា ខ្លួនគាំទ្រក្រុមឧទ្ទាមដែលកំពុងប្រតិបត្តិការនៅកុងហ្គោ។

លោក Felix Jakens ប្រធានផ្នែកយុទ្ធនាការរបស់ អង្គការលើកលែងទោសអន្តរជាតិរបស់អង់គ្លេស បានប្រាប់ BBC Sport ថា៖ «នេះមិនមែនជារឿងថ្មីទេ ដែលរវ៉ាន់ដាប្រើវិស័យកីឡា ដើម្បីបង្វែរការចាប់អារម្មណ៍ពីកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់ខ្លួន។ Aston Villa គួរតែដឹងច្បាស់ថា រវ៉ាន់ដាកំពុងប្រើភាពជាដៃគូនេះ ដើម្បីបង្កើតរូបភាពវិជ្ជមាន។ ការប្រើកីឡាដើម្បីលាងសម្អាតរូបភាព (sportswashing) គួរតែត្រូវបានបង្ហាញឱ្យឃើញ ហើយយើងចង់ឱ្យ Aston Villa និង Premier League ចូលរួមទទួលខុសត្រូវផងដែរ»។

សារព័ត៌មាន Reuters បានទាក់ទងទៅកាន់ Aston Villa, Visit Rwanda និង Amnesty International ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។

បច្ចុប្បន្ន ក្រុមប្រឹក្សាទេសចរណ៍រវ៉ាន់ដា (Visit Rwanda) ក៏មានកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយក្លិប Atletico Madrid និង Paris Saint-Germain (PSG) ព្រមទាំងក្រុមកីឡាអាមេរិកមួយចំនួន ដូចជា Los Angeles Clippers និង Los Angeles Rams ផងដែរ។

ពីមុន Visit Rwanda ក៏ធ្លាប់ជាអ្នកឧបត្ថម្ភលើដៃអាវអាវប្រកួតរបស់ Arsenal អស់រយៈពេល ៨ ឆ្នាំ មុនពេលកិច្ចព្រមព្រៀងនោះបញ្ចប់នៅរដូវកាលមុន។ កិច្ចព្រមព្រៀងនោះក៏ធ្លាប់បង្កឱ្យមានការតវ៉ាពីអ្នកគាំទ្រ Arsenal មួយចំនួនផងដែរ។

Aston Villa កំពុងស្វែងរកអ្នកឧបត្ថម្ភថ្មី ដើម្បីជំនួស Betano បន្ទាប់ពីក្លិបទាំងអស់ក្នុង Premier League បានព្រមព្រៀងបញ្ឈប់ការដាក់ឡូហ្គោក្រុមហ៊ុនភ្នាល់នៅផ្នែកខាងមុខអាវប្រកួតនាពេលអនាគត៕


ចែករំលែក៖