ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពទឹកស្ទឹងសង្កែ ហក់ឡើងជិតកម្រិតប្រកាសអាសន្ន សូមប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្ថានភាពទឹកស្ទឹងសង្កែក្នុងខេត្តបាត់ដំបង បានបន្តហក់ឡើងលើសពី ១៣ម៉ែត្រហើយ ខណៈកម្រិតប្រកាសអាសន្នបណ្តោះអាសន្នគឺ ១៣,៧០ម៉ែត្រ។ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រកាសថា កម្ពស់ទឹកអាចនឹងបន្តកើនឡើងរហូតដល់ ១៣,៥០ ម៉ែត្រ ដែលជិតដល់កម្រិតត្រូវប្រកាសអាសន្ន។

ការកើនឡើងនៃកម្ពស់ទឹកនេះ ក្រោយមន្ត្រីជំនាញបានសម្រេចបើកទ្វារទឹកនៅទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹកដែលច្រាលនៅក្នុងស្ទឹង ទម្លាក់ទៅកាន់បឹងទន្លេសាប។ សកម្មភាពនេះបានធ្វើឲ្យទឹកស្ទឹងសង្កែមានការស្ទុះឡើងយ៉ាងខ្លាំង។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែប៉ែកខាងក្រោម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជាម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ ការអំពាវនាវនេះធ្វើឡើងដោយសារតែកំសួលទឹកនឹងរុញច្រានខ្លាំង មុននឹងទឹកចាប់ផ្តើមស្រកចុះវិញ។

អាជ្ញាធរខេត្តបាត់ដំបងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកនេះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ដោយ៖តារា


ចែករំលែក៖