ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំការផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) វគ្គប្រកួតដណ្តើមយកលេខ៣ និងវគ្គផ្តាច់ព្រ័ត្រ នៅទីលានតេជោ-ធិបតី ខេត្តស្ទឹងត្រែង។ នេះបេីយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។
គោលបំណងសំខាន់នៃការរៀបចំនេះ គឺដើម្បីលើកកម្ពស់វិស័យកីឡា ពិសេសដើម្បីបង្កើនភាពសប្បាយរីករាយ និងបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនាការប្រកួតដ៏អស្ចារ្យនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង វគ្គប្រកួតដណ្តើមយកលេខ៣ នឹងធ្វើឡើងរវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសបារាំង និងប្រទេសអង់គ្លេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤៖០០ទៀបភ្លឺ។
ចំណែកឯវគ្គផ្តាច់ព្រ័ត្រដ៏រំភើប រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអេស្ប៉ាញ និងប្រទេសអាហ្សង់ទីន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៖០០ទៀបភ្លឺ។ ព្រឹត្តិការណ៍ទាំងពីរនេះ នឹងផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកគាំទ្របាល់ទាត់ក្នុងខេត្តស្ទឹងត្រែង បានជួបជុំគ្នាទស្សនាដោយផ្ទាល់នូវការប្រកួតកម្រិតពិភពលោក៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច