ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើសជាបន្ត បន្ទាប់ ឃាត់ខ្លួនជនសង្ស័យ១៦នាក់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ ។

ករណីដែលបានបង្ក្រាបរួមមាន ករណីកាន់កាប់ ប្រើ ប្រាស់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ១ករណី, អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប ប្រាក់ និងឆក់ទូរស័ព្ទ) ចំនួន២ករណី, អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយកាត់ខ្សែភ្លើង និងសម្ភារ) ១ករណី, អំពើលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ) ចំនួន៣ករណី និងករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស ១ករណី ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ (ជនជាតិខ្មែរ ១៤នាក់ និងជនជាតិបរទេស ២នាក់) និងដកហូតវត្ថុតាងជាច្រើន រួមមាន អាវុធខ្លី ម៉ូតូ ទូរស័ព្ទដៃ សម្ភារ និងឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាព។ ករណីមួយចំនួន សមត្ថកិច្ចបានស្រាវជ្រាវដកហូត និងប្រគល់ទ្រព្យសម្បត្តិជូនម្ចាស់ដើមវិញ ។

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ៕


ចែករំលែក៖