ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គ្រីស្ទាន ឌីស្លឺ (Christian Disler) អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស (ASTI) ដំណាក់កាលទី១ និងពិភាក្សាបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងដំណាក់កាលទី ២ ខណៈដំណាក់កាលទី ១ នឹងបញ្ចប់នៅចុងឆ្នាំនេះ។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គ្រីស្ទាន ឌីស្លឺ តំណាងអង្គការ GIZ និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃគម្រោង ASTI ដំណាក់កាលទី១។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វ៊ីស ទីភ្នាក់ងារ SDC អង្គការ GIZ និងដៃគូទាំងអស់ ដែលបានគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ស្វ៊ីសជាដៃគូអភិវឌ្ឍន៍ដ៏គួរឱ្យទុកចិត្ត ហើយជំនាញបច្ចេកទេស និងការប្តេជ្ញាចិត្តរបស់ស្វ៊ីសបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាសម្រាប់បំពេញតម្រូវការទីផ្សារដែលកំពុងវិវត្ត។
លោករដ្ឋមន្ត្រី បានសរសើរចំពោះជោគជ័យនៃគម្រោង ASTI ដំណាក់កាលទី១ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែទម្រង់ប្រព័ន្ធ TVET នៅកម្ពុជា តាមរយៈការរៀបចំគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីការសិក្សាផ្អែកលើការងារ ការរៀបចំកញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តង់ដា ការពង្រឹងការបណ្តុះបណ្តាល និងការវាយតម្លៃផ្អែកលើសមត្ថភាព ព្រមទាំង ការកសាងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងគ្រឹះស្ថាន TVET។ ជាលទ្ធផល សិក្ខាកាមចំនួន ៤២៧នាក់បានបញ្ចប់កម្មវិធី ការសិក្សាផ្អែកលើការងារ (WBL) ហើយពួកគាត់ទទួលបានការងារធ្វើ ១០០% ក្រោយបញ្ចប់ការសិក្សា ដែលក្នុងនោះ៨០% ជាស្ត្រី ដែលបង្ហាញពីការអភិវឌ្ឍជំនាញប្រកបដោយបរិយាបន្ន និងសមធម៌។ សមិទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា WBL នៅតែជាយុទ្ធសាស្ត្រអាទិភាព ដើម្បីជួយពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន TVET និងសហគ្រាស ព្រមទាំងបង្កើនលទ្ធភាពការងាររបស់យុវជន និងផលិតភាពសហគ្រាស។
លោក ហេង សួរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាស្នូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយក្រសួងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ដើម្បីបណ្តុះបណ្តាលធនធានមនុស្សទៅតាមតម្រូវការទីផ្សារការងារ។ ក្រសួងបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តការដាក់បញ្ចូល WBL ជាផ្នែកសំខាន់នៃប្រព័ន្ធ TVET ជាតិ ពង្រីកភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍជំនាញ និងពង្រឹងស្តង់ដាសមត្ថភាព កម្មវិធីសិក្សា និងការធានាគុណភាព។ ទន្ទឹមនេះ លោកក៏បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្ត MoU ក្នុងការអនុវត្តគម្រោង ASTI ផងដែរ។
ដើម្បីធានាចីរភាពរយៈពេលវែងនៃគម្រោង ក្រសួងគាំទ្រការបង្កើតយន្តការហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ WBL ពង្រឹងកិច្ចសហការជាមួយមូលនិធិអភិវឌ្ឍជំនាញ និងស្វែងរកយន្តការរួមហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាល សហគ្រាស និងដៃគូអភិវឌ្ឍន៍ជាដើម។ លោកបានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសទាំងពីរបញ្ចប់កិច្ចពិភាក្សាឱ្យបានទាន់ពេលវេលា ដើម្បីធានាការផ្លាស់ប្តូរពីដំណាក់កាលទី១ ទៅដំណាក់កាលទី ២ដោយរលូន។ លោករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា គម្រោងដំណាក់ទី ២នឹងទទួលបានជោគជ័យដូចដំណាក់កាលទី ១ផងដែរ ដើម្បីធានាថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់យុវជន កម្មករនិយោជិត និងសហគ្រាសក្នុងការបង្កើនផលិតភាពបន្ថែមទៀត។
ជាការឆ្លើយតបលោក គ្រីស្ទាន ឌីស្លឺ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក៏ដូចជាបានបង្ហាញការប្តេជ្ញាចិត្ត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងក្នុងការបន្ត MoU។ លោកបានលើកឡើងថា លទ្ធផលដំណាក់កាលទី ១ ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ជាក់ស្តែង សិក្ខាកាមចំនួន ៤២៧ នាក់ បានបញ្ចប់ការបណ្តុះបណ្តាលនៅកន្លែងការងារ និងទទួលបានវិញ្ញាបនបត្រ ដែលជាមូលដ្ឋានដ៏សំខាន់ និងជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ការពង្រីកគម្រោងបន្តទៀត។ សម្រាប់ដំណាក់កាលបន្ទាប់ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ជាពិសេសការស្វែងរកយន្តការហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ការបណ្តុះបណ្តាលក្រៅកន្លែងការងារ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី និងក្រុមការងារទាំងអស់ដែលបានគាំទ្រ និងសហការយ៉ាងល្អនាពេលកន្លងមក ហើយលោកពិតជារីករាយដែលបានឃើញលទ្ធផល និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច