ព័ត៌មានទាន់ហេតុការណ៍៖

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចឱ្យដឹងថាៈ នៅវេលាម៉ោង១០និង១០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្តឹងរាយការណ៍របស់ឈ្មោះ គយ ម៉េងហូរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្នភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ (តំណាងក្រុមហ៊ុនប៉ាងណាគ្រី) ស្តីពីករណីប៉ុនប៉ងលួចដែលប្រព្រឹត្តកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បង្កដោយជនសង្ស័យចំនួន០២នាក់ត្រូវបានសន្តិសុខយាមនៅក្រុមហ៊ុនខាងលើ ធ្វើការឃាត់ខ្លួនបាន ខណៈពេលដែលជនសង្ស័យទាំង០២នាក់ ៖ ១.ឈ្មោះ កែវ សុភ័ណ ហៅក្រៅ គក់ ភេទប្រុស អាយុ៣៧ឆ្នាំ, ២.ឈ្មោះ ភាព ផាត ភេទប្រុស អាយុ២៧ឆ្នាំ បានចូលទៅក្នុងអគាររបស់ក្រុមហ៊ុនខាងលើ ហើយធ្វើសកម្មភាពលួចសម្ភារៈ។

ក្រោយទទួលសេចក្ដីរាយការណ៍ខាងលើ លោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជាការ(ស្តីទី)មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយនាំខ្លួនជនសង្ស័យទាំង២នាក់រួមនឹងមធ្យោបាយប្រព្រឹត្តបទល្មើស ម៉ូតូម៉ាកហុងដា ឃ្លិច ពណ៌ខ្មៅលាយពណ៌ក្រហម គ្មានផ្លាកលេខចំនួន០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃដើម្បីសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។ លោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជាការ(ស្តីទី)មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាពរួមនឹងសកម្មភាពជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖វណ្ណា


ចែករំលែក៖