«ការចូលរួមរបស់កម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃអង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្ប- និម្មិតពិភពលោក (World Artificial Intelligence Cooperation Organization – WAICO) ដែលជា គំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់របស់សាធារណរដ្ឋប្រជាមានិតចិន គឺជាជំហាននយោបាយក្រៅ ប្រទេស និងបច្ចេកវិទ្យាដ៏មានតម្លៃយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ។ របត់នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការ វិវត្តកម្រិតខ្ពស់នៃទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏មានឥទ្ធិពលសម្រាប់ របៀបវារៈនៃការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
នេះបើតាមលោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម»។
លោកមើលឃើញពី តម្លៃយុទ្ធសាស្ត្រ ធំៗចំនួនពីរ រួមមាន៖
១. តម្លៃ និងសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ និងអភិបាលកិច្ចសកល៖ ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាសមាជិកស្ថាបនិកនៃ WAICO មិនមែនគ្រាន់តែជាការចូលរួមក្នុងយន្តការដោះដូរអន្តរជាតិធម្មតាមួយនោះឡើយ ប៉ុន្តែវាជាការចាប់ យក «ឱកាសមាស» ក្នុងការនាំយកសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទៅកាន់វេទិកាកម្រិតខ្ពស់។
តាមរយៈតួនាទីជាសមាជិកស្ថាបនិក កម្ពុជាមានសិទ្ធិពេញលេញក្នុងការចូលរួមពិភាក្សាកំណត់ ទិសដៅ បង្កើតស្តង់ដារបច្ចេកទេស និងក្របខ័ណ្ឌអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅថ្នាក់សកល តាំងពី ដំណាក់កាលដំបូង។ នេះស្តែងឱ្យឃើញពីចក្ខុវិស័យវែងឆ្ងាយ និងភាពបុរេសកម្មរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមិនចង់ឱ្យកម្ពុជាដើរតួត្រឹមតែជា «អ្នកទទួលផល» ឬជា «អ្នកប្រើប្រាស់» បច្ចេកវិទ្យាចុងក្រោយរបស់គេប៉ុណ្ណោះទេ ប៉ុន្តែចង់ឱ្យកម្ពុជាមានជំហរនយោបាយ និង ឥទ្ធិពលក្នុងការរួមចំណែករៀបចំសណ្តាប់ធ្នាប់បច្ចេកវិទ្យាពិភពលោក។
ក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចេកវិទ្យាបច្ចុប្បន្ន យន្តការ WAICO នឹងដើរតួជាស្ពានចម្លងដ៏ សំខាន់ក្នុងការផ្ទេរបច្ចេកវិទ្យា និងកាត់បន្ថយគម្លាតដ៏ធំធេងរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុង អភិវឌ្ឍន៍។ នេះធានាថាការរីកចម្រើននៃ AI នឹងមិនក្លាយជាឧបករណ៍បង្កើតវិសមភាពថ្មីនោះឡើយ ប៉ុន្តែជួយឱ្យគ្រប់បណ្តាប្រទេសទាំងអស់អាចទាញយកផលប្រយោជន៍ដោយសមធម៌ និងបរិយាបន្ន។
ម្យ៉ាងទៀត តាមរយៈវេទិកានេះ កម្ពុជារំពឹងថា នឹងអាចពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងទូលំ ទូលាយជាមួយបណ្ដាប្រទេសបច្ចេកវិទ្យាកំពូលៗ និងដៃគូអន្តរជាតិនានា។ នេះជាឱកាសស្វែងរកការ គាំទ្រក្នុងការកសាងសមត្ថភាពធនធានមនុស្ស ក៏ដូចការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ការ បង្កើតមន្ទីរពិសោធន៍ AI និងការអនុវត្តជាក់ស្តែងនៅក្នុងវិស័យអាទិភាពជាតិ ដូចជា អភិបាលកិច្ច សាធារណៈ (សេវាឌីជីថលរដ្ឋ) វិស័យអប់រំ សុខាភិបាល ហិរញ្ញវត្ថុ និងកសិកម្មវៃឆ្លាត។ កត្តានេះនឹង ជួយឱ្យយុវជនកម្ពុជាជំនាន់ក្រោយអាចទទួលផលប្រយោជន៍ពេញលេញ និងមានភាពប្រកួតប្រជែង ខ្ពស់ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤។
២. ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងទំនុកចិត្តនយោបាយ កម្ពុជា-ចិន៖ ការគាំទ្រយ៉ាងសកម្ម និងការសម្រេចចិត្តចូលរួមរបស់កម្ពុជាតាំងពីដំបូងទី ក្នុងគំនិតផ្ដួចផ្ដើម បង្កើត WAICO របស់ចិន គឺជាសក្ខីកម្មឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «ទំនុកចិត្តផ្នែកយុទ្ធសាស្ត្រកម្រិតខ្ពស់» និងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងនាមជាមិត្តដែកថែប និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុង យុគសម័យថ្មី។
បានសេចក្តីថា គំនិតផ្ដួចផ្ដើមរបស់ចិនក្នុងការបង្កើត WAICO គឺស្របគ្នាយ៉ាងឥតខ្ចោះទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល ជាមុំយុទ្ធសាស្ត្រ ដ៏មានសារៈសំខាន់មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ការដើរទន្ទឹមគ្នានេះ បញ្ជាក់ពីចក្ខុវិស័យរួម របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការធានាថា បច្ចេកវិទ្យាដ៏មានឥទ្ធិពលនេះ នឹងត្រូវបានអភិវឌ្ឍ និងប្រើប្រាស់។
ក្រៅពីយន្តការទ្វេភាគីដែលមានស្រាប់ ដូចជាយន្តការត្បូងពេជ្រ ឬកិច្ចសហប្រតិបត្តិការច្រក របៀងមច្ឆានិងអង្ករ និង ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម គឺការចូលរួមក្នុង WAICO នឹងបើកច្រក យុទ្ធសាស្ត្រថ្មីមួយទៀត គឺ «ច្រករបៀងបច្ចេកវិទ្យាឌីជីថល និង AI»។ វានឹងទាក់ទាញក្រុមហ៊ុនបច្ចេក វិទ្យាយក្សៗ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) លើវិស័យបច្ចេកវិទ្យាខ្ពស់ពីប្រទេសចិន និង សមាជិកដទៃទៀតមកកាន់កម្ពុជា ដែលជាកម្លាំងចលករថ្មីក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើតាម លោកបណ្ឌិត កៅ មុយថង ដដែល, ការចូលរួមរបស់កម្ពុជាក្នុងអង្គការ WAICO មិនត្រឹមតែជាជម្រើសយុទ្ធសាស្ត្រក្នុង ការដើរឱ្យទាន់និន្នាការសកលលោកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកំណត់ទីតាំងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ឱ្យស្ថិតនៅចំចំណុចស្នូលនៃយុគសម័យថ្មី។ វាផ្តល់នូវតុល្យភាព យុទ្ធសាស្ត្រ ឱកាសអភិវឌ្ឍន៍ធនធានមនុស្ស និងការធានាថា កម្ពុជានឹងក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការរួមចំណែកដឹកនាំពិភពលោកទៅរកការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជាផលប្រយោជន៍ វឌ្ឍនភាព និងសន្តិភាពពិតប្រាកដសម្រាប់មនុស្សជាតិទាំងមូល៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច