ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២នាក់គាស់សោទ្វារសាលាមត្តេយ្យឯកជនមួយកន្លែង បានសម្រេចច្រើនលើក ម្ចាស់ទ្រាំលែងបាន ប្តឹងឱ្យជួយស្រាវជ្រាវចាប់បាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពគាស់សោរទ្វារសាលាមត្តេយ្យឯកជនមួយកន្លែងចូលទៅលួចយកទ្រព្យសម្បត្តិបានសម្រេចចំនួន៥លើកជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែម្ចាស់មិនដែលបានប្ដឹងឲ្យនគរបាលជួយស្រាវជ្រាវនោះទេ ។ ចំណែកជនសង្ស័យញ៉ាមក៏ធ្វើសកម្មភាពជាលើកទី៦ រហូតម្ចាស់សាលាមត្តេយ្យខាង លើទ្រាំលែងបាន ក៏ប្ដឹងឲ្យនគរបាលជួយស្រាវជ្រាវ ទើបឈានដល់ការឃាត់បានទាំង២នាក់ ព្រមទាំងដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពច្រើនទៀតផងដែរ ។

សកម្មភាពលើកចុងក្រោយបំផុតបានកើតឡើងកាលពីវេលាម៉ោង០៧និង ៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចសាលាមត្តេយ្យគ្មានឯកជនយីហោ ស្ថិតនៅផ្ទះគ្មានលេខ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើនោះម្នាក់ឈ្មោះ ហ៊ុយ សុផារាជ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម្នាក់ទៀតឈ្មោះ សុ ខុនវិផា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ពេលឃាត់ខ្លួនជនសង្ស័យនោះ នគរបាលដកហូតបានវត្ថុតាងរួមមានកំប៉ុងហ្គាស និងក្បាលបាញ់ហ្គាស១ ដែលជនសង្ស័យប្រើជាឧបករណ៍សម្រាប់ដុតរោលសោ និងច្រវាក់ឲ្យទន់រួចគាស់ផ្ដាច់ ។មេសោ០១,ដែកឆាបចុងសំប៉ែតនិងស្រួចចំនួន០៦ដើម,ទួនណាវីសចំនួន ០៥ដើម,ដង្កាប់១,កន្ត្រៃ០១,ទូរស័ព្ទដៃ១គ្រឿងម៉ាកVIVO ពណ៌ខៀវ ស៊ីមកាតលេខ 088 9416 711 ។

ម្ចាស់សាលាមត្តេយ្យខាងលើឈ្មោះនូ ស្រីឈូក ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៥ ផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានប្រាប់ថា សាលាមត្តេយ្យមួយនេះធ្លាប់បានរងគ្រោះដោយការគាស់ទម្លុះទម្លាយទ្វារពីសំណាក់ចោរចូលលួចយកទ្រព្យសម្បត្តិ៥លើករួចមកហើយ ប៉ុន្តែពុំដឹងថាទាំង៥លើកនោះបាត់បង់អ្វីខ្លះនោះទេ ។ រាល់លើកម្ចាស់សាលាមត្តេយ្យនេះអត់ដែលបានដាក់ពាក្យប្ដឹង ដើម្បីឲ្យនគរបាលជួយធ្វើការស្រាវជ្រាវរកក្រុមចោរនោះទេ ចំណែកលើកទី៦ដែលជាលើកចុងក្រោយនេះបាត់បង់ តែប្រាក់ចំនួន២០,០០០រៀល(ពីរម៉ឺនរៀល) និងនាឡិការដៃ០១គ្រឿងប៉ុណ្ណោះ ។ ប៉ុន្តែគាត់អត់ប្ដឹងចោរកាន់តែបានចិត្តគាស់មិនឈប់ ហើយទ្រាំលែងបានតទៅទៀត ទើបគាត់ដាក់ពាក្យប្ដឹងឲ្យនគរបាលឃាត់ខ្លួនចោរតែម្ដង ខណៈនោះនគរបាលក៏ដកហូតបាននាឡិកា ដៃរបស់ជនរងគ្រោះពីចោរបានមកវិញផងដែរ ។

នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅពេលធ្វើសកម្មភាពជនសង្ស័យបានប្រើកំប៉ុងហ្គាសដុតរោលសោ និងច្រវាក់ឲ្យទន់រួចទើបប្រើឧបករណ៍គាស់ផ្ដាច់សោឬច្រវាក់ជាក្រោយ ហើយនៅវេលាព្រឹកថ្ងៃកើតហេតុអ្នកស្រី នូ ស្រីឈូក បានចេញពីផ្ទះទៅកាន់សាលាមត្តេយ្យរបស់ខ្លួន ។ ពេលទៅដល់ស្រាប់តែឃើញអីវាន់មានសភាពរញ៉េរញ៉ៃ បន្ទាប់មកគាត់ក៏ដើរមើលជុំវិញសាលា ក៏បាន ឃើញមេសោ និងច្រវ៉ាក់ចាក់ទ្វារដែលនៅចំហៀងសាលាមានស្នាមដុតរំលាយច្រវ៉ាក់និងស្នាមខូចមេសោ ។ លុះពេលដើរទៅមើលទ្វារខាងមុខក៏ឃើញមានស្នាមគាស់មេ សោដែលចាក់ទ្វាររូតរបូតអស់ និងបាត់លុយ២០,០០០រៀល ព្រមទាំងនាឡិកាដៃ០១គ្រឿង រួចក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបា លចោមចៅទី៣ឲ្យជួយអន្តរាគមន៍ ព្រោះបើនៅតែមិនប្ដឹងថ្ងៃក្រោយចោរនិងគាស់បន្តទៀតមិនខាន ។

នគរបាលបានបញ្ជាក់ប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលទទួលបានពាក្យបណ្តឹងជនរងគ្រោះ នគរបាលក៏បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបាន ហើយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៥រសៀល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុតាងនៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកបាននាំទៅសាកសួរនៅប៉ុស្តិ៍ ហើយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាត់ទ្វាសាលាមត្តេយ្យខាងលើរហូតមកមែន ។

បន្ទាប់ពីទទួលបានចម្លើយសារភាពនោះហើយ នគរបាលបានកសាងសំណុំរឿងដើម្បីបញ្ជូនជននោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕


ចែករំលែក៖