មន្ត្រីសហរដ្ឋអាមេរិកប្រកាសថា នឹង លាលែងចេញពីតំណែងប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីប្រឆាំងនឹងគោលនយោបាយការបរទេសរបស់លោក ត្រាំ ធ្វើឲ្យអាមេរិកត្រូវខាតបង់។
សារព័ត៌មាន Washington Monthly បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិករហូត ដល់ទៅ១ភាគ៤ប្រកាសថា នឹងចុះចេញពីតំណែងប្រសិនបើលោកត្រាំជាប់ឆ្នោត។ ក្នុងចំណោមមន្ត្រីដែលចូលរួមផ្តល់មតិគឺមាន១៤ភាគរយប្រកាសចុះចេញពីតំណែង។
មន្ត្រីការបរទេសម្នាក់ដែលមានបទ ពិសោធន៍៣០ឆ្នាំក្នុងកិច្ចការបរទេសរបស់អាមេរិកបានឲ្យដឹងថា «ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតនោះខ្ញុំនឹងចុះចេញពីតំណែង នៅមុនពេលលោក ត្រាំ ចូលកាន់តំណែង។ មិត្តភក្តិរួមការងាររបស់ខ្ញុំទាំងអស់ក៏នឹងលា លែងតំណែងផងដែរ។
ភាគច្រើនមន្ត្រីដែលបានប្រកាសថា នឹងលាលែងចេញពីតំណែងនោះមានបទពិសោធន៍ក្នុងការងារយូរឆ្នាំ ហើយប្រសិនបើលាលែងចេញពីតំណែងនោះក៏នឹងទទួល បានប្រាក់បៀវត្សក៏ដូចជាប្រាក់លើកទឹក ចិត្តផ្សេងៗផងដែរ។
មន្ត្រីនៅក្នុងក្រសួងការពារជាតិមួយរូបដែលធ្លាប់ចូលរួមក្នុងសង្គ្រាមប្រទេសអាហ្វហ្គានីស្ថានបានលើកឡើងថា «ប្រាកដណាស់នឹងមានមន្ត្រីជាច្រើនសុំសម្រាក់ចូល និវត្តន៍ ចំណែកមន្ត្រីដែលមិនទាន់បម្រើការគ្រប់គ្រាន់ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍ នោះត្រូវបង្ខំចិត្តធ្វើការបន្តទៀត។ គោល នយោបាយការបរទេសរបស់លោក ត្រាំ នឹងជួបផលលំបាកគ្រោះថ្នាក់ជាងពេលនេះ ។
ជាមួយនឹងអាកប្បកិរិយាព្រមទាំងសម្តីអសុរនោះរបស់លោក ដូណាល់ ត្រាំ បេក្ខ ជនរូបនេះហាក់បានចាញ់ប្រៀបលោកស្រីគ្លីនតុន ក្នុងពេលជជែកដេញដោលទល់ សម្តីគ្នាកន្លងមក។ តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលបំផុតនោះគឺនៅពេលដែលលោក ដូណាល់ ត្រាំ បានប្រកាសថា ការបោះឆ្នោត នេះពោរពេញទៅដោយការបន្លំ ហើយលោក មិនអាចទទួលយកលទ្ធផលបោះឆ្នោតនេះទេ។
នេះគឺជាលើកទីមួយហើយក្នុងប្រវត្តិបោះឆ្នោតនៅអាមេរិកប្រទេសបិតាប្រជា ធិបតេយ្យដែលបេក្ខជនប្រធានាធិបតីមិនព្រមទទួលយកលទ្ធផលបោះឆ្នោត។ សូម រំលឹកថា បើទោះបីជាប្រព័ន្ធបោះឆ្នោតអាមេរិកមានលក្ខណៈស្មុគស្មាញយ៉ាងណាក៏ដោយក៏កន្លងមកបេក្ខជនឈរឈ្មោះបោះ ឆ្នោតទាំងអស់ តែងតែផ្តល់សេចក្តីទុកចិត្តដល់ការរៀបចំ និងការសម្រេចលទ្ធផលនៃការបោះឆ្នោត។
ប៉ុន្តែចម្លែកលោក ដូណាល់ ត្រាំ បាន ឆ្លើយថា លោកមិនសន្យាទេ ថាលោកនឹង ទទួលយកលទ្ធផល។ លោកនឹងរងចាំមើល លទ្ធផលជាក់ស្តែងនៅពេលនោះ។ លោក ដូណាល់ ត្រាំ បន្ថែមថា ការបោះឆ្នោតលើក នេះមានរឿងមិនប្រក្រតីច្រើនណាស់ ហើយ លោកជឿថានឹងមានការបន្លំសន្លឹកឆ្នោតទៀតផង។ ចំណែកលោកស្រី គ្លីនតុន បានឆ្លើយបកមកវិញថា សម្តីរបស់លោក ដូណាល់ ត្រាំ គឺជាការប្រមាថមើលងាយ យ៉ាងធ្ងន់មកលើប្រព័ន្ធបោះឆ្នោត និងលទ្ធិ ប្រជាធិបតេយ្យគំរូរបស់សហរដ្ឋអាមេរិក។
ផ្ទុយទៅវិញនៅមុនពេលចាប់ផ្តើមបើកវេទិកាជជែកដេញដោលប្រធានដឹកនាំការឃោសនារបស់លោក ដូណាល់ ត្រាំ ក៏ដូចជាកូនស្រីច្បងរបស់បេក្ខជនរូបនេះបានអះអាងថា ទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក៏លោក ដូណាល់ ត្រាំ ទទួលយកដែរ៕ ម៉ែវ សាធី