ភ្នំពេញ៖ ដោយមើលឃើញបញ្ហាកកស្ទះចរាចរនៅតែកើតមាននៅតំបន់ស្ពានអាកាសក្បាលថ្នល់នោះ អាជ្ញាធរាជធានីភ្នំពេញមានគម្រោង ស្ថាបនាស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដី១ខ្សែបន្ថែមទៀត ដើម្បីកែលំអរ និងដោះស្រាយបញ្ហាចរាចរឲ្យកាន់តែមានភាពរលូនដូចស្ពានអាកាសនិងផ្លូវក្រោមដីស្ទឹងមានជ័យតែម្តង ហើយគម្រោងនេះ បើមិនមានការប្រែប្រួលទេនោះ អាចនឹងបើកការដ្ឋាននៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។
លោក មាន ចាន់យ៉ាដា នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យ ដឹងនៅរសៀលថ្ងៃទី២៧ តុលានេះថា ៖ បើមិនមានការប្រែប្រួលទេនោះ រដ្ឋបាលរាជធានីភ្នំពេញ អាចនឹងបើកការដ្ឋានស្ថាបនាបន្ថែមស្ពានអាកាស និងផ្លូវក្រោមដីចំនួន៤ខ្សែទៀត ដើម្បីជួយកែសម្រួលតំបន់ក្បាលថ្នល់ឲ្យកាន់តែមានភាព ប្រសើរឡើង ។
លោក នាយករដ្ខបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់អំពីថ្ងៃទី ឬគណៈអធិបតីដែលធ្វើពិធីបើកការដ្ឋាននោះទេ ប៉ុន្តែបើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផ្សេងទៀតបានបង្ហើប ឲ្យដឹងថា ៖ ពិធីបើកការដ្ឋានស្ថាបនាបន្ថែមស្ពានអាកាសនិងផ្លូវក្រោមដីចំនួន៤ខ្សែបន្ថែមទៀតនោះ អាចសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផងដែរ ។
នៅក្នុងកិច្ចប្រជុំ នៅសាលា រាជធានីភ្នំពេញ ដើម្បីពិភាក្សា លើគម្រោងស្ថាបនា ផ្លូវក្រោមដីស្តុបកាណាឌីយ៉ា(BKC)និងពិនិត្យលទ្ធភាពចាប់ផ្តើមសាងសង់ស្ពានអាកាសចំនួន៤ខ្សែបន្ថែម នៅក្បាលថ្នល់ កាលពីពេលកន្លងមក លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះគម្រោង សាង់សង់ស្ពានអាកាស និងផ្លូវក្រោម ដីក្បាលថ្នល់ ត្រូវតែចាប់ផ្តើមក្នុងពេលឆាប់ៗនេះ បើទោះបីជានៅមានបញ្ហា ដែលជាឧបសគ្គស្មុកស្មាញមួយចំនួនក៏ដោយ ត្រូវចាប់ផ្តើមកន្លែងណាដែលមិនមានការប៉ះពាល់មុនតែម្តង ។
លោកបន្តថា ៖ ចំណែកការសាងសង់ផ្លូវក្រោមដីនៅចំណុចស្តុបកាណាឌីយ៉ា វិញ ក្រុមការងារបច្ចេក ទេស នឹងសិក្សាឱ្យបានលម្អិតបន្ថែម អំពីផលប៉ះពាល់ នៃគម្រោងនេះសិន ។
ចំណែកឯលោក នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៍ធ្លាប់លើកឡើងថា ៖នៅតំបន់ស្ពានអាកាសក្បាលថ្នល់នាពេលនេះ បញ្ហាកកស្ទះចរាចរនៅតែកើតមាន ដើម្បីឲ្យមានភាពប្រសើឡើង សាលារាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីបន្ថែមទៀត ចំពោះគម្រោងស្ពានអាកាស និងផ្លូវក្រោម ដីដែលរដ្ឋបាលរាជធានីភ្នំពេញជ្រើសយក នោះ មានចំនួន៤ខ្សែ គឺ ទី១.ស្ពានហោះស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ពាប់ទៅស្ពានព្រះមុនីវង្សថ្មី ទី២.ស្ពានតភ្ជាប់ពីស្ពានព្រះមុនីវង្សចាស់បត់កោងស្តាំឡើងទៅចាក់អង្រែ ទី៣.ស្ពានហោះស្របពីលើមហាវិថីព្រះមុនីវង្សបត់ទៅនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ និងទី៤.ផ្លូវក្រោមដី១ខ្សែទៀតមុជក្រោមដីចាក់ពីចាក់ អង្រែ ឆ្ពោះទៅ មហាវិថីព្រះមុនីវង្សតែម្តង ។លោកបានបញ្ជាក់ថា ៖ចំពោះស្ពានអាកាសដែលហោះខាងលើនេះ មានបណ្តោយមិនស្មើគ្នានោះទេ គឺចាប់ពី២២០ ដល់ ២៤០ម៉ែត្រ ទទឹងចាប់ពី៥ទៅ៧ម៉ែត្រ ចំណែកផ្លូវមុជក្រោមដីមាន បណ្តោយ៣០៦ម៉ែត្រ ហើយបន្ទាប់ពីស្ថាបនារួច ការធ្វើចរាចរនៅតំបន់ស្ពានអាកាសក្បាលថ្នល់នឹងមានភាពប្រសើរឡើងតែម្តង ៕ សំរិត